រដ្ឋាភិបាលកម្ពុជាដាក់ចេញនូវយុទ្ធសាស្ត្រ ៨ចំណុចដើម្បីការពារកុមារ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (៣១ ឧសភា ២០១៩) ៖ យោងតាមសារលិខិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងឱកាសខួបលើកទី៧០ ទិវាកុមារអន្តរជាតិ ១ មិថុនា ខួបលើកទី១៨ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០១៩ដែលបានចេញកាលពីពេលកន្លងទៅថ្មីៗនេះ មានយុទ្ធសាស្ត្រចំនួន៨ចំណុចដែលត្រូវរាជរដ្ឋាភិបាលកម្ពុជាដាក់ចេញ ដើម្បីការពារកុមារ។
យុទ្ធសាស្ត្រទាំង៨ចំណុចនោះរួមមាន៖
ទី១.ពង្រឹងការអនុវត្តអនុសញ្ញាស្ដីពីសិទ្ធិកុមារ និងបទដ្ឋានគតិ យុត្តពាក់ព័ន្ធ,
ទី២.បង្កើតយុទ្ធសាស្ត្រផ្លាស់ប្ដូរឥរិយាបទសង្គមតាមរយៈការអប់រំកុមារបែបវិជ្ជមាន,
ទី៣. កសាងច្បាប់គោលនយោបាយពាក់ព័ន្ធដល់ការរស់នៅរបស់កុមារ តម្រូវការ បញ្ហាប្រឈម និងការ ព្រួយបារម្ភរបស់កុមារ,
ទី៤.ទប់ស្កាត់ហិង្សាក្នុងគ្រួសារ និងការពារជនរងគ្រោះជាកុមារ,
ទី៥.ចូលរួមអនុវត្ត គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព និងចាត់វិធានការការពារកុមារគ្រប់រូបភាព,
ទី៦.បន្តអនុវត្តអនុ សញ្ញាស្នូលនៃអង្គការអន្តរជាតិខាងការងារដើម្បីលុបបំបាត់គ្រប់ទម្រង់នៃពលកម្មកុមារ,
ទី៧.គ្រប់ប្រព័ន្ធ ផ្សព្វផ្សាយបន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីការការពារកុមារពីអំពើហិង្សា និងពលកម្មកុមារគ្រប់ រូបភាព
ទី៨.បង្កើនកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរ ដើម្បីទប់ស្កាត់អំពើហិង្សាលើ កុមារគ្រប់រូបភាព និងលុបបំបាត់ពលកម្មកុមារនៅកម្ពុជា។
ទិវាកុមារកម្ពុជា និងទិវាកុមារអន្តរជាតិ ១ មិថុនានៅឆ្នាំ២០១៩ ធ្វើឡើងក្រោមប្រធានបទ លើកកម្ពស់ សិទ្ធិកុមារតាមរយៈការលុបបំបាត់អំពើហិង្សាលើកុមារគ្រប់រូបភាព ។ សារលិខិតរបស់សម្ដេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានចាត់ទុកកុមារថា ជាធនធានមនុស្ស ដែលមិនអាចខ្វះបានសម្រាប់អភិវឌ្ឍប្រទេសជាតិនាពេលអនាគតផងដែរ៕