សមត្ថកិច្ចបញ្ជូនឧកញ៉ា គិត ធាង ម្ចាស់ម្ចាស់ក្លឹបកម្សាន្តរ៉ុកទៅកាន់តុលាការក្រុងភ្នំពេញ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១២ មីនា ២០១៩) ៖ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩នេះ សមត្ថកិច្ចនាំខ្លួនឧកញ៉ា គិត ធាង ម្ចាស់មណ្ឌលកម្សាន្តរ៉ុក ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរ ជុំវិញរឿងគ្រឿងញៀនជាង៥០គីឡូក្រាម ដែលបង្ក្រាបចាប់បាននៅរ៉ុក កាលពីចុងខែកុម្ភៈ ឆ្នាំ២០១៩ កន្លងមកថ្មីៗនេះ។
សូមជម្រាបថា ឧកញ៉ា គិត ធាង ម្ចាស់ក្លឹបកំសាន្តរ៉ុក ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅកាន់ស្នងការដ្ឋានរាជធានីភ្នំពេញ កាលពីល្ងាច ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ទៅតាមដីការបស់តុលាការ បន្ទាប់ពីសមត្ថកិច្ចបានទៅដល់ផ្ទះរបស់លោក នៅខណ្ឌទួលគោក រាជធានីភ្នំពេញ។
សូមរម្លឹកថា ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ចែកចាយ និងប្រើប្រាស់នៅក្នុងមជ្ឈមណ្ឌលកម្សាន្តរ៉ុក គឺលោកឧកញ៉ា គិត ធាង បានធ្វើកិច្ចសន្យាចំនួនពីរលើករួចមកហើយ និងព្រមទទួលខុសត្រូវចំពោះមុខច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ព្រមទាំងច្បាប់ផ្សេងៗទៀត។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា កិច្ចសន្យាចំនួន ២លើក ដែលលោកឧកញ៉ា គិត ធាង បានធ្វើជាមួយអាជ្ញាធរមានសមត្ថកិច្ចនាពេលកន្លងមករួមមាន៖ លើកទី១- ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ និងលើកទី២-នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨។ នៅក្នុងកិច្ចសន្យានោះ អ្នកឧកញ៉ា គិត ធាង បានសន្យាថា «មិនអនុញ្ញាតឱ្យមានការជួញដូរ ចែកចាយនិងប្រើប្រាស់គ្រឿងញៀន នៅក្នុងទីតាំងអាជីវកម្ម និងសុខចិត្តអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ បិទអាជីវកម្មទាំងស្រុង និងទទួលខុសត្រូវតាមច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនព្រមទាំងច្បាប់ផ្សេងៗទៀត»៕