កម្ពុជាអរគុណសាធារណរដ្ឋកូរ៉េចំពោះកិច្ចសហការយ៉ាងល្អលើវិស័យការងារ

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានថ្លែងអំណរគុណចំពោះឯកឧត្តម LEE Jaeyoo អគ្គស្នងការនៃអគ្គស្នងការដ្ឋានអន្តោប្រវេសន៍នៃក្រសួងយុត្តិធម៌របស់សាធារណរដ្ឋកូរ៉េដែលតែងតែផ្តល់កិច្ចសហប្រតិបត្តិការគាំទ្រយ៉ាងល្អចំពោះវិស័យការងារនៃប្រទេសទាំងពីរប្រកបដោយផ្លែផ្កាសម្រាប់ប្រជាជាតិទាំងសងខាង។ ការបញ្ជាក់យ៉ាងដូចនេះ គឺធ្វើឡើងក្នុងជំនួបទ្វេភាគីនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនារសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះ។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីចំណងនៃកិច្ចសហការដ៏ល្អរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ ចាប់តាំងពីឆ្នាំ២០០៧ដែលបាននិងកំពុងផ្តល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋទាំងសងខាង។ ក្នុងនោះឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា តាមរយៈកិច្ចគាំទ្រនៃសហប្រតិបត្តិការដ៏ល្អនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលជាសេនាធិការជូនរាជរដ្ឋាភិបាលកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នាជាមួយខេត្ត ក្រុង ស្រុករបស់សាធារណរដ្ឋកូរ៉េចំនួន២៦ផ្សេងគ្នាដែលកំពុងដំណើរការដោយរលូននិងទទួលបានការស្វាគមន៍ពីប្រជាពលរដ្ឋ។

ដោយឡែក ឯកឧត្តមអគ្គស្នងការនៃអគ្គស្នងការដ្ឋានអន្តោប្រវេសន៍របស់កូរ៉េខាងត្បូង បានលើកឡើងថា កិច្ចសហប្រតិបត្តិការនេះ បាននិងកំពុងជួយបំពេញតម្រូវការខ្វះខាតក្នុងខ្សែសង្វាក់ផលិតកម្មដែលជាតម្រូវការសេដ្ឋកិច្ចរបស់ប្រទេសកូរ៉េ ប៉ុន្តែទន្ទឹមនឹងនេះ ពលរដ្ឋកម្ពុជាក៏ទទួលបានទាំងជំនាញបច្ចេកទេសវិជ្ជាជីវៈ និងចំណូលដើម្បីកែលម្អជីវភាពគ្រួសារផងដែរ។

តាមរយៈជំនួបនៅថ្ងៃនេះ ភាគីទាំងពីរ បានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អបន្ថែមទៀតដើម្បីជំរុញឱ្យកាន់តែប្រសើរឡើងនៃវិស័យការងារកម្ពុជា និងកូរ៉េ់ក្នុងគោលបំណងពង្រីកឱកាសទីផ្សារការងារសម្រាប់ពលរដ្ឋកម្ពុជា៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close