ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី២២ មីនាខាងមុខនេះ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៤ មីនា ២០១៩) ៖ ផ្លូវល្បឿនលឿនដំបូងបំផុតនៅកម្ពុជាតភ្ជាប់ពីរាជធានីភ្នំពេញ ទៅខេត្តព្រះសីហនុនឹងចាប់ផ្តើមបើកការដ្ឋានសាងសង់នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ខាងមុខនេះហើយ។ ពីធីនេះនឹងប្រព្រឹត្តទៅក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។
បើតាមក្រសួងសាធារណការបានឲ្យដឹងថា ផ្លូវនេះតភ្ជាប់ពីរាជធានីភ្នំពេញទៅខេត្តព្រះសីហនុ ដែលមានប្រវែងសរុប១៩០.៣៦៥គ.ម សាងសង់ជាបួនគន្លង ដោយ២គន្លងទៅ ២គន្លងមក ជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ (AC) កំរាស់ ១០ ស.ម និងថ្មលាយកៅស៊ូ (ATB) ១២ ស.ម ពង្រីកទទឹងផ្លូវដល់ ២៤.៥ ម៉ែត្រ ខណ្ឌដោយសួនច្បារនៅកណ្ដាលទ្រូងផ្លូវ និងមានរបាំងអមសងខាងផ្លូវការពារសត្វ រឺមនុស្សឆ្លងកាត់ មានកន្លែងឈប់សម្រាកដែលមានលក្ខណៈងាយស្រួល មិនបង្កឲ្យមានការកកស្ទះចរាចរណ៍ ហើយគ្រោងប្រើប្រាស់រយៈពេលសាងសង់៤៨ខែ៕