អឺរ៉ុបនឹងគិតពន្ធ លើការនាំចូលអង្កររបស់កម្ពុជាពីថ្ងៃស្អែកនេះ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៧ មករា ២០១៩) ៖ ចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ស្អែកនេះ ការនាំចូលអង្ករពីកម្ពុជា និងមីយ៉ាន់ម៉ា ទៅកាន់សហភាពអឺរ៉ុប នឹងចាប់ផ្តើមយកពន្ធនៅឆ្នាំទី១ ចំនួន ២០០,៧៣ដុល្លារ ក្នុង១តោន ហើយពន្ធនឹងទម្លាក់ចុះ នៅឆ្នាំបន្តបន្ទាប់ ព្រោះការនាំចូលអង្ករ របស់ប្រទេសទាំងពីរ បានធ្វើឲ្យខូចខាត ដល់សេដ្ឋកិច្ចអ្នកផលិតអឺរ៉ុប។
ការសម្រេចគិតពន្ធនេះ ធ្វើឡើងតាមសំណើរបស់ រដ្ឋាភិបាលអ៊ីតាលី ដែលគាំទ្រដោយបណ្ដារដ្ឋជាសមាជិក កំពុងដាំដុះស្រូវ នៅសហភាពអឺរ៉ុបផ្សេងទៀតរួមមាន ៖ អេស្ប៉ាញ , បារាំង , ព័រទុយហ្គាល , ក្រិក , ហុងគ្រី , រូម៉ានី និងប៊ុលហ្គារី ។
គណៈកម្មការអឺរ៉ុប (EU) បានប្រកាសថា បានចេញសេចក្តីសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី១៦ មករា ថា “EU ដាក់វិធានការការពារលើអង្ករ ការនាំចូលអង្ករពីកម្ពុជា និងមីយ៉ាន់ម៉ាទៅកាន់សហភាពអឺរ៉ុប ព្រោះបានធ្វើឲ្យខូចខាត ដល់សេដ្ឋកិច្ចអ្នកផលិតអឺរ៉ុប។ ដូច្នេះគណៈកម្មការអឺរ៉ុប បានសម្រេចចិត្តប្តូរថ្មី នូវពន្ធនាំចូលដែលនឹងត្រូវ កាត់បន្ថយជាលំដាប់ ក្នុងរយៈពេល៣ឆ្នាំ។
សេចក្តីថ្លែងការណ៍បន្តថា នៅថ្ងៃទី១៨ មករា សហភាពអឺរ៉ុបនឹងយកពន្ធគយធម្មតាឡើងវិញ លើផលិតផលអង្ករ ។ ប្រភពឲ្យដឹងទៀតថា គណៈកម្មការ បានបើកការស៊ើបអង្កេតជាផ្លូវការមួយ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ។ វិធានការនេះ នឹងត្រូវបានអនុវត្តអស់រយៈពេល៣ឆ្នាំ។ ការសម្រេចចិត្តនេះ នឹងត្រូវបានបោះពុម្ពផ្សាយ នៅក្នុងទិនានុប្បវត្តិជាផ្លូវការ របស់សហភាពអឺរ៉ុប នៅថ្ងៃទី១៧ ខែមករា ហើយនឹងចូលជាធរមាននៅថ្ងៃបន្ទាប់៕