រាជរដ្ឋាភិបាលនឹងបង្កើនថាមពលអគ្គិសនីឱ្យដល់ជិត៣ពាន់មេហ្គាវ៉ាត់
សារព័ត៌មាន Cambodia News/
ភ្នំពេញ (៤ មករា ២០១៩) ៖ តាមការចុះផ្សាយរបស់វេបសាយក្រសួងព័ត៌មាន នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ បានអោយដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើនលទ្ធភាពនៃការផ្គត់ផ្គង់ថាមពលអគ្គិសនី ឲ្យដល់ជាង ២៨៧០មេហ្គាវ៉ាត់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋ និងកំណើនការពង្រីករោងចក្រសហគ្រាសនៅកម្ពុជា។
អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល លោក វ៉ិចទ័រ ហ្ស៊ូណា បានឲ្យដឹងថា ការពង្រីកលទ្ធភាពផ្គត់ផ្គង់អគ្គិសនីនេះ ដោយសារតែកំណើននៃការប្រើប្រាស់ក្នុងរយៈពេលចុងក្រោយនេះ បានកើនឡើងយ៉ាងច្រើនហួសប្រមាណលើសពីការរំពឹងទុក ពិសេសការពង្រីកគម្រោងវិនិយោគនានាទំាងសំណង់ និងរោងចក្រសហគ្រាសដែលត្រូវការថាមពលអគ្គិសនីជាច្រើន។
លោកបន្តថា ប្រភពថាមពលដែលទទួលបានគឺមកពីរោងចក្រផលិតធ្យូងថ្មនៅខេត្តព្រះសីហនុ ការបើកឱ្យដំណើរការពេញលេញនៃរោងចក្រផលិតថាមពលអគ្គិសនីវារីអគ្គិសនីសេសានក្រោម២ និងគម្រោងដាក់ឱ្យប្រើប្រាស់ថាមពលអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យនៅចុងឆ្នាំ២០១៩ខាងមុខនេះ។ បន្ថែមពីនេះទៀត គឺការនាំចូលប្រភពថាមពលអគ្គិសនីពីប្រទេសជិតខាងដូចជា ប្រទេសវៀតណាម ចំនួន ២៧៧មេហ្គាវ៉ាត់, ថៃចំនួនជាង ១៣៥ មេហ្គាវ៉ាត់ និងពីប្រទេសឡាវចំនួន ៣០មេហ្គាវ៉ាត់៕