សៀវភៅចេញថ្មីនិយាយពី ហ៊ុន ម៉ាណែត ហ៊ុន ម៉ានិត និង ហ៊ុន ម៉ានី
ភ្នំពេញ (៥ ធ្នូ ២០១៨)៖ សៀវភៅដែលមានចំណងជើងថា “បងប្អូនប្រុសទាំង៣ – ឈាមថ្មីក្នុងចំណោមអ្នកបន្តវេន” ដែលរៀបរាប់ពីប្រវត្តិកូនប្រុសទាំង៣របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ត្រូវបានចេញផ្សាយជាសាធារណៈនៅព្រឹកថ្ងៃពុធទី៥ ធ្នូ នេះ។
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មាន លោក ឆាយ សុផល សាស្រ្តាចារ្យព័ត៌មាន និងជាអ្នកនិពន្ធសៀវភៅបាននិយាយថា លោកបានចំណាយពេល៥ឆ្នាំសម្រាប់រៀបចំចងក្រងសៀវភៅនេះឡើង ដោយលោកបានកត់ត្រាទុកពីសកម្មភាព និងសម្តីរបស់បងប្អូនទាំង៣គឺ ហ៊ុន ម៉ាណែត ហ៊ុន និត និង ហ៊ុន ម៉ានី ព្រមទាំងបានជួបសម្ភាសន៍ផ្ទាល់ជាមួយឥស្សរជនដឹកនាំវ័យក្មេងទាំង៣រូបផងដរ។
នៅពេលសួរថា តើក្នុងចំណោមបងប្អូនប្រុសទាំង៣ ម្នាក់ណានឹងអាចក្លាយជានាយករដ្ឋមន្រ្តីនៅពេលពេលអនាគត លោក សុផល ថា អ្នកទាំងបី ក៏ដូចជាអ្នកផ្សេងទៀតមានសក្តានុពលម្យ៉ាងម្នាក់ ហើយថា សាធារណជនមើលឃើញថា អ្នកទាំង៣គឺសុទ្ធតែបានសិក្សាមានកម្រិតខ្ពស់នៅបណ្តាប្រទេសមហាអំណាច ពិសេសគឺសហរដ្ឋអាម៉េរិក ដែលជាឈាមថ្មីអាចមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបន្តវេនដឹកនាំ ទាំងនៅក្នុងបក្ស និងក្នុងរដ្ឋាភិបាល ក៏ដូចជានៅក្នុងស្ថាប័ននីតិប្បញ្ញត្តិផងដែរ។
លោកបន្តថា បើទៅជាសៀវភៅនេះមិនអាចរៀបរាប់ពីប្រវត្តិនិងសកម្មភាពបានទាំងអស់របស់ឥស្សរជននយោបាយវ័យក្មេងទាំង៣រូបបានអស់ក៏ដោយ ក៏យ៉ាងហោចណាស់ សៀវភៅអាចជួយបានខ្លះ ក្នុងការយល់ដឹងបន្ថែមពីគំនិត ឥរិយាបថ និងសកម្មភាពរបស់ពួកគេ ដែលប្រសូតមកមានពុកជាមេដឹកនាំកំពូលនៃប្រទេស។
លោក ឆាយ សុផល បានលើកឡើងថា “មូលហេតុដែលខ្ញុំចងក្រងសៀវភៅនេះ គឺខ្ញុំចង់បង្ហាញមិត្តអ្នកអានឲ្យបានដឹងកាន់តែច្បាស់ពីសាវតារនៃបងប្អូនប្រុសទាំង៣ ក្នុងនាមខ្លួនជាកូនរបស់មេដឹកនាំកំពូលរបស់ប្រទេស។ ចំណែកឯបងប្អូនស្រី២រូបទៀតក៏ត្រូវបានរៀបរាប់ដោយសង្ខេបនៅក្នុងសៀវភៅនេះដែរ”។
នៅចពោះមុខអ្នកសារព័ត៌មាន លោក សុផល បានដាក់សំណួរជាច្រើនរួមមាន៖
- តើបងប្អូនប្រុសទាំង៣មានអារម្មណ៍បែបណា នៅពេលគេជេរប្រមាថពុកម៉ែរបស់ខ្លួន?
- តើបងប្អូនប្រុសទាំង៣ចាំបណ្តាំពុកម៉ែអ្វីខ្លះ?
- តើបងប្អូនប្រុសទាំង៣រៀនបានអ្វីខ្លះពីពុករបស់ខ្លួន?
- តើបងប្អូនប្រុសទាំង៣យកចំណេះអ្វីខ្លះពីបរទេសមកអនុវត្តនៅក្នុងប្រទេសរបស់ខ្លួន?
- តើបងប្អូនប្រុសទាំង៣ចង់ស្នងតំណែងរបស់ពុកជានាយករដ្ឋមន្រ្តីដែរឬទេ?
- តើបងប្អូនប្រុសទាំង៣ធ្វើការត្រូវនឹងចំណង់ចំណូលចិត្តរបស់ខ្លួនដែរឬអត់?
- តើបងប្អូនប្រុសទាំង៣ជួបស្នេហាគ្រាដំបូងនៅទីណា និងនៅពេលណាដែរ?
- តើភរិយាៗរបស់បងប្អូនប្រុសទាំង៣ជានរណា?
- តើបងប្អូនប្រុសទាំង៣មានចំណង់ចំណូលចិត្តបែបណាក្នុងជីវិត?
- តើបងប្អូនប្រុសទាំង៣មានជីវិតអតីតកាលបែបណាខ្លះ?
- តើបងប្អូនប្រុសទាំង៣មានទស្សនៈដូចម្តេចចំពោះប្រទេសជាតិ?
- តើបងប្អូនប្រុសទាំង៣មានសារអ្វីខ្លះសម្រាប់យុវជនជំនាន់ថ្មី?
- តើបងប្អូនប្រុសទាំង៣មានសកម្មភាពអ្វីខ្លះនៅក្នុងសង្គម?
យ៉ាងណាក៏ដោយ លោក សុផល មិនបានផ្តល់ចម្លើយនោះទេ ដោយគ្រាន់តែប្រាប់ថា “ចម្លើយនៃសំណួរទាំងនេះ រួមផ្សំនិងបញ្ហាជាច្រើនទៀត មាននៅក្នុងសៀវភៅ។
សូមបញ្ជាក់ថា សៀវភៅ “បងប្អូនប្រុសទាំង៣ – ឈាមថ្មីក្នុងចំណោមអ្នកបន្តវេន” គឺជាសៀវភៅទី៩ ហើយ ដែលលោក ឆាយ សុផល បានចងក្រង ខណៈលោកកំពុងមានគម្រោងបីបួនក្បាលទៀត។
លោក ឆាយ សុផល បញ្ជាកថា “ទាន់កម្លាំងកាយនិងប្រាជ្ញានៅមាន ត្រូវតែខិតខំចងក្រងពីអ្វីដែលជាប្រយោជន៍សម្រាប់អ្នកអានទាំងពេលបច្ចុប្បន្ន និងអនាគត” ហើយថា “សៀវភៅមួយក្បាលពិតជាមិនអាចរៀបរាប់អស់នោះទេ។
លោកថា “ប្រសិនបើអ្នកនិពន្ធណា ឬបុគ្គលណាឃើញថា មានចន្លោះប្រហោង នោះខ្លួនអាចសរសេរបន្ថែមទៅតាមការយល់ដឹងរបស់ខ្លួន។ កិច្ចការរបស់អ្នកសរសរសៀវភៅ មិនខុសពីចុងភៅឡើយ ព្រោះសម្លមួយឆ្នាំងមិនអាចតម្រូវមាត់មនុស្សរាប់សិបអ្នកឡើយ”។
សៀវភៅដែលមានចំណងជើងថា “បងប្អូនប្រុសទាំង៣ – ឈាមថ្មីក្នុងចំណោមអ្នកបន្ត” អាចរកបាននៅតាមបណ្ណាគារធំៗ និងតូបកាសែតមួយចំនួននៅទូទាំងប្រទេស ព្រមទាំងនៅ Monument Book នៅផ្សារទំនើប អ៊ីអ័ន អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងសៀមរាប៕