សហភាព​​សហព័ន្ធ​​យុវជន​​កម្ពុជា ​​បើក​មហាសន្និ​បាត​លើក​ទី៤ ​រយៈ​​ពេ​ល​​ពីរ​​ថ្ងៃ​​

សារព័ត៌មាន​ Cambodia News/

​(ថ្ងៃ៤រោច ខែកត្តិក សំរឹទ្ធិស័ក ព.ស ២៥៦២) ភ្នំ​ពេញ​ ៖ សហភាពសហព័ន្ធយុវជនកម្ពុជា ដែលហៅកាត់ថា ស.ស.យ.ក នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានរៀបចំមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី៤របស់ខ្លួន ក្រោមអធិបតីភាពសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា នៅសណ្ឋាគារសុខាភ្នំពេញ។  

ការរៀបចំមហាសន្និបាតលើកទី៤របស់សហភាពសហព័ន្ធយុវជនកម្ពុជា ដែលមាន លោក ហ៊ុន ម៉ានី ជាប្រធាន​ ត្រូវបានធ្វើឡើងចំខួប៤០ឆ្នាំនៃកំណើតរបស់ខ្លួនផងដែរ។ មហាសន្និបាតនេះ មានការចូលរួមពីថ្នាក់ដឹកនាំ សមាជិក សមាជិកមកពីទូទាំង២៥ រាជធានី-ខេត្តចំនួនប្រមាណ ១,៣០០នាក់។

យោងតាមសេចក្តីជូនដំណឹងរបស់ហភាពសហព័ន្ធយុវជនកម្ពុជា បានឲ្យដឹងថា មហាសន្និបាតនេះ ធ្វើឡើងរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨។ មហាសន្និបាតនេះធ្វើឡើងដោយផ្តោតការយកចិត្តទុកដាក់លើការបូកសរុបការងារឆ្នាំ២០១២-២០១៨ និងទិសដៅការងារឆ្នាំ២០១៨-២០២០ ព្រមទាំងការបោះឆ្នោតជ្រើសតាំងសមាជិក ជាមួយកិច្ចពិភាក្សា និងការអនុម័តលើការកែប្រែលក្ខន្តិកៈនៃសហភាពសហព័ន្ធយុវជនកម្ពុជាផងដែរ។

មហាសន្និបាតរបស់សហភាពសហព័ន្ធយុវជនកម្ពុជា នឹងមានការអញ្ជើញផ្តល់កិត្តិយសបិទមហាសន្និបាតដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨។

សូមបញ្ជាក់ថា សហភាពសហព័ន្ធយុវជនកម្ពុជា ជារណសិរ្សទូលំទូលាយនៃយុវជនកម្ពុជា ដែលបានបន្តបេសកកម្មពីសមាគមយុវជនសាមគ្គីសង្គ្រោះជាតិកម្ពុជា និងសមាគមយុវជនកម្ពុជា ដែលបានបដិសន្ធិនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨ ក្នុងគោលដៅសំខាន់បំផុត ដើម្បីប្រមូលផ្តុំយុវជនគ្រប់ទិសទី ជាមហាកម្លាំងសាមគ្គី ក្នុងការរួមចំណែកកសាងប្រទេសកម្ពុជា ជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម៕

 

Related Articles

Back to top button
Close
Close