រថយន្តសម្តេចតេជោ ជិះជាលើកដំបូងកាលពីទសវត្ស៧៩ ត្រូវបានយកដាក់តាំងនៅវិមានឈ្នះឈ្នះ
សារព័ត៌មាន Cambodia News/
រាជធានីភ្នំពេញ (០១ តុលា ២០១៨) ៖ រថយន្ដតូយ៉ូតា អាយុ៥០ឆ្នាំ ដែលជារថយន្តដំបូងរបស់សម្ដេច តេជោ ហ៊ុន សែន ជិះតស៊ូរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ ប៉ុល ពត កាលពីឆ្នាំ១៩៧៩ នោះត្រូវបាន យកពីបញ្ជាការដ្ឋានអង្គរក្សមកដាក់បង្ហាញ នៅវិមានឈ្នះឈ្នះ ដើម្បីបញ្ជាក់អំពីវត្ថុ តាងក្នុងប្រវត្តិសាស្ត្រនៃដំណើរដ៏ជូរចត់របស់សម្តេច នាគ្រានោះ។
ការយកមកដាក់តាំងបង្ហាញក្នុងវិមានឈ្នះឈ្នះ នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨នេះ ដើម្បីឲ្យកូនខ្មែរជំនាន់ ក្រោយបានយល់ ដឹងកាន់តែច្បាស់ អំពីប្រវត្តិនៃការតស៊ូរំដោះជាតិរបស់សម្តេច តេជោ ។
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅវិមានឈ្នះឈ្នះ ឧត្តមសេនីយ៍ឯក យ៉ាត់ ទូច មេបញ្ជាការរង និងជានាយខុទ្ទកាល័យ បញ្ជាការដ្ឋានអង្គរក្ស បានឲ្យដឹងថា រថយន្ដដែលសម្ដេចតេជោ ហ៊ុន សែន ជិះនេះគឺវៀតណាមជាអ្នកផ្ដល់ឲ្យសម្ដេចជិះបំពេញការងារនៅឆ្នាំ១៩៧៩ ដើម្បីចេញទៅតស៊ូរំដោះជាតិ ដើម្បីផ្ដួល រំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នោះ គឺម៉ាក Toyota ពណ៌ស ផលិតនៅឆ្នាំ១៩៦៨។ រហូតមកដល់ពេលបច្ចុប្បន្នរថយន្តនេះមានអាយុ ៥០ឆ្នាំ។
សូមបញ្ជាក់ថា វិមានឈ្នះ ឈ្នះ ដែលជានិម្មិតរូបនៃសុខសន្តិភាពកម្ពុជា ហើយកំពុងសាងសង់ នេះ គ្រោងនឹងសម្ពោធជាផ្លូវការ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ ចំនឹងថ្ងៃដែលរាជរដ្ឋាភិបាលកម្ពុជា ប្រារព្ធពិធីខួប២០ឆ្នាំ នៃគោលនយោបាយឈ្នះ-ឈ្នះ (ឆ្នាំ១៩៩៨-ឆ្នាំ២០១៨)។ វិមាននេះ បានចាប់ផ្តើមសាងសង់ឡើង កាលពីខែកុម្ភៈ ឆ្នាំ២០១៦ ក្នុងទំហំដី៨ហិចតា ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ៕