អាជីវករ៤នាក់ ដែលប្រើប្រាស់ហិង្សាស្ដ្រីជនសង្ស័យម្នាក់ត្រូវសមត្តកិច្ចហៅមកសួរនាំ និងធ្វើកិច្ចសន្យាអប់រំ
សារព័ត៌មាន Cambodia News/
រាជធានីភ្នំពេញ (១៤ កញ្ញា ២០១៨) ៖ អាជីវករផ្សារព្រៃទាចំនួន៤នាក់ ត្រូវបានកម្លាំងនគរបាល ហៅមកសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨នេះ ដែលពាក់ព័ន្ធការប្រើប្រាស់ហិង្សា និងចាប់កោរសក់ស្ដ្រីជនសង្ស័យជាចោរលួច នៅក្នុងផ្សារព្រៃទា កាលពីថ្ងៃទី១៣ ខែកញ្ញាម្សិលមិញ។
អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ សម្រាប់ចំណាត់ការបន្ដទៀតយ៉ាងណានោះ មិនទាន់ត្រូវបានលោកវរសេនីយ៍អធិការ បញ្ជាក់ឲ្យដឹងនៅឡើយទេ ដោយលោកគ្រាន់តែបង្ហើបថា រង់ចាំឆ្លងយោបល់ និងសុំគោលការណ៍ពីតំណាង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ជាមុនសិន ថាត្រូវធ្វើកិច្ចសន្យាអប់រំ ឬមានចំណាត់ការបន្ដយ៉ាងណានោះ។
សម្រាប់ស្ដ្រីជនសង្ស័យដែលអាជីវករចាប់កោរសក់ និងប្រើប្រាស់ហិង្សានោះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ដើម្បីហៅមកសួរនាំដូចគ្នាដែរ ព្រោះថាក្រោយពេលកើតហេតុអាជីវករ បានដោះលែងត្រឡប់ទៅវិញ។
សូមជម្រាបថា នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ម្សិលមិញនេះ ស្ដ្រីជនសង្ស័យម្នាក់ ត្រូវអាជីវករផ្សារព្រៃទា អះអាងថា បានលួចទូរស័ព្ទនៅក្នុងផ្សារ ហើយក្រុមអាជីវករបានចាប់ឃាត់ខ្លួន រួចកោរសក់ និងប្រើប្រាស់ហិង្សាលើរូបរាងកាយត្រូវបានចែកចាយពេញបណ្ដាញសង្គម Facebook៕