សម្ដេចតេជោ ៖ ពលរដ្ឋកម្ពុជាច្រើនលើសលុបបំផុតគាំទ្រការបោះឆ្នោតតាមបែបលទ្ឋិប្រជាធិបតេយ្យសេរីពហុបក្ស​

សារព័ត៌មាន​ Cambodia News/

រាជធានី​ភ្នំ​ពេញ​ (៣១ កក្កដា ២០១៨) ៖ ​សម្ដេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តី នៃកម្ពុជា បានសរសេរក្នុងបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី៣១ ខែកក្កដា នេះថា តាមរយៈលទ្ឋផលបឋមនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាល ទី៦ កាលពីថ្ងៃទី ២៩ កក្កដា ២០១៨ កន្លងទៅនេះ ដែលមានពលរដ្ឋទៅបោះឆ្នោត (៨២.៨៩%) នៃចំនួនអ្នកបោះឆ្នោតសរុប (៨,៣៨០,២១៧) និងមានគណបក្សនយោបាយចំនួន (២០) បានចូលរួម គឺបានបង្ហាញច្បាស់ថា ពលរដ្ឋកម្ពុជាច្រើនលើសលុបបំផុតគាំទ្រការបោះឆ្នោតតាមបែបលទ្ឋិប្រជាធិបតេយ្យសេរីពហុបក្ស ដែលជាបំណងប្រាថ្នាដ៏ធំបំផុតរបស់ពលរដ្ឋខ្មែរ ហើយដែលត្រូវបានចែងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ។

​សម្ដេចតេជោ បាន​បន្ត​ថា បងប្អូនបានបង្ហាញនូវឆន្ទះដ៏ឧត្តុង្គឧត្តមបំផុតក្នុងការប្រើប្រាស់សិទ្ឋិសេរីភាពទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តមកពីគណបក្សនយោបាយនានាដែលខ្លួនពេញចិត្តដោយសេរី គ្មានការកៀបសង្កត់ ឬបង្ខិតបង្ខំអ្វីឡើយ។ ការបោះឆ្នោតកន្លងទៅនេះ គឺបានប្រព្រឹត្តិទៅដោយរលូន និងគ្មានអំពើហឹង្សាទៀតផង។ ទន្ទឹមនឹងនេះដែរ គឺមានអ្នកសង្កេតការណ៍ជាតិនៃសហគមអង្គ ការមិនមែនរដ្ឋាភិបាលប្រមាណ ជាង៩ម៉ឺននាក់ និងអ្នកសង្កេតការណ៍អន្តរជាតិជាង​៥០០ នាក់ ក៏បានចូលរួមអង្កេត តាមដាន និងពិនិត្យដំណើរការ បោះឆ្នោតដោយហ្មត់ចត់បំផុត។

សម្ដេចតេជោ ថ្លែង​អំ​ណរ​​ចំ​ពោះ​គុណបងប្អូនជនរួមជាតិ និងកូនក្មួយយុវជននៅទូទាំងប្រទេសដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនលេខ ២០ ដើម្បីបន្តដឹកនាំកម្ពុជាឆ្ពោះទៅរកវឌ្ឍនៈភាពដែលនាំមកនូវផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ និង ប្រទេសជាតិយើងទាំងមូល៕ (ប្រភព​ ៖ ហ្វេសប៊ុក ​សម្ដេចតេជោ ហ៊ុន សែន)

Related Articles

Back to top button
Close
Close