សម្ដេចតេជោ ហ៊ុន សែន ៖ លេខរៀងទី២០មានន័យថា ជាកូនពៅមើលថែម៉ែឪ និងបន្តឈ្នះឆ្នោត
សារព័ត៌មាន Cambodia News/
ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនីប្រមាណ ១៦,៤៧៤នាក់ មកពីរោងចក្រ សហគ្រាសចំនួន១០ មកពីតំបន់នានា ស្ថិតក្នុងស្រុកស្អាង និងស្រុកកោះធំ ខេត្តកណ្តាល នាព្រឹកថ្ងៃទី៣០ ឧសភានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបកស្រាយពីលេខរៀងទី២០ ដែលគណបក្សប្រជាជនកម្ពុជា ចាប់បានមានអត្ថន័យសំខាន់ចំនួន២ គឺជាកូនពៅមើលថែម៉ែឪ ក្នុងន័យនេះ បក្សមានភារកិច្ចថែទាំប្រជាពលរដ្ឋនិងប្រទេសជាតិ ហើយបក្សនៅតែបន្តឈ្នះឆ្នោត។
សម្ដេចតេជោ ហ៊ុន សែន បានបន្តថា អត្ថន័យសំខាន់ទាំងពីរនេះ ហាក់ដូចជាទេវតាប្រទាន និងរៀបចំឲ្យ ដោយឆ្នាំនេះចំខួបលើកទី២០ ដែលកម្ពុជាបានបញ្ចប់សង្រ្គាម ហើយធ្វើបុណ្យឲ្យធំ កក្រើកមេឃតែម្ដង ។
សម្ដេចតេជោបានបញ្ជាក់ថា អត្ថន័យនៃលេខរៀងទី២០នេះ ក៏សំដៅទៅលើគណបក្សប្រជាជនកម្ពុជា គឺជាកូនពៅ ដែលនៅថែទាំ និងការពារប្រជាពលរដ្ឋ ជានិមិត្តរូបរបស់បក្សប្រជាជន ដែលធ្វើបក្សប្រជាជនបន្តឈ្នះឆ្នោត និងបន្តថែរក្សាបងប្អូន ប្រជាពលរដ្ឋបន្តទៀត ៕