សម្តេច ហ៊ុន សែន ប្រកាសទៅចូលរួមអង្គរសង្ក្រាននៅខេត្តសៀមរាប
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០២ មេសា ២០១៨) ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសឲ្យដឹងថា រូបសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែននឹងចូលរួមអង្គរសង្ក្រាននៅខេត្តសៀមរាប។
តាមរយៈបណ្តាញសង្គមផ្លូវការ សម្តេចក៏បានផ្ញើសារទៅជនរួមជាតិថា ៖ «ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ ។ ច្បាស់ណាស់បងប្អូនជនរួមជាតិប្រាកដជា មានគម្រោងទៅកម្សាន្តសប្បាយនៅតាមតំបន់រមណីយដ្ឋាននានាជាច្រើននៅក្នុងប្រទេសកម្ពុជា ។ នេះក៏ជាឱកាសចំពោះកូនក្មួយយុវជន និងទេសចរបរទេសដែលចង់ស្វែងយល់អំពីបុណ្យប្រពៃណីទំនៀមទម្លាប់របស់កម្ពុជា ។
សូមអញ្ជើញចូលរួមមកកម្សាន្តសប្បាយគ្រប់ៗគ្នា» ។ សម្តេចតេជោ ហ៊ុន សែន បន្ថែមថា៖ «ឆ្នាំនេះក៏ដូចឆ្នាំមុន ខ្ញុំនិងភរិយានឹងទៅចូលរួមសង្ក្រាន្តនៅខេត្តសៀមរាប ។ សង្ឃឹមថា បងប្អូននឹងចូលរួមអបអរសាទរសង្ក្រាន្តឆ្នាំថ្មីទាំងអស់គ្នានៅលើទឹកដីអង្គរដ៏បរវររបស់យើង» ។ សន្តិភាពកាន់តែស្ថិតស្ថេរ ឱកាសកាន់តែមានទ្វេភាព ភាពសុខដុមរម្យនាក៏កាន់តែរឹងមាំយូរអង្វែង ។ អរគុណបងប្អូនជនរួមជាតិដែលចូលរួមថែរក្សាការពារសន្តិភាព ដើម្បីកម្ពុជាមានឱកាសអភិវឌ្ឍន៍រីកចម្រើន ។
សម្តេចក៏បានបញ្ជាក់ថា នៅរសៀលនេះ សម្តេចនឹងទៅដង្ហែព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចម៉ែសម្តេចយាយ សម្តេចយាយទួត នៃយើងយាងវិលត្រឡប់ពីទីក្រុងប៉េកាំងមកកម្ពុជាវិញ ។ សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា ៕