ប្រើ​ប្រាស់​អាវុធ​ខ្លី​អត់​ច្បាប់​ត្រូវ​ប៉េ​អឹម​ចាប់​ខ្លួន​

ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួន ពីបទប្រើប្រាស់អាវុធខុសច្បាប់ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី៦ ធ្នូ នៅក្នុងក្លិបខារ៉ាអូខេយីហោ«ញូវស្តារ» ដែលមាន ទីតាំងជាប់ផ្លូវលេខ២៧១ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំ ពេញ។

ជនជាប់ចោទឈ្មោះ ស្រុយ សុផាត ភេទប្រុស អាយុ៣១ឆ្នាំ គ្មានមុខរបរពិតប្រាកដ មានទីតាំងនៅខេត្តក្រចេះ បច្ចុប្បន្នស្នាក់នៅផ្ទះជួលមួយកន្លែង ក្នុងសង្កាត់ ទួលសង្កែ ខណ្ឌឫស្សីកែវ។

នៅក្នុងពេល ចាប់ខ្លួនសមត្ថកិច្ច បានដកហូត អាវុធខ្លីមួយដើមម៉ាក អាម៉ប់ លេខ៧៣២៥០ មានប្រាក់ចំនួន៤គ្រាប់ និង កាបូបស្ពាយតូចមួយ ដែលក្នុងនោះមានប្រាក់ចំនួនជាង២លានរៀល និង ប្រាក់ដុល្លារ ចំនួន១៧៧៥ដុល្លារផ្សេងទៀត និងទូរស័ព្ទមួយគ្រឿង ព្រមទាំងម៉ូតូស៊េរីទំនើបមួយគ្រឿង ម៉ាកសង់ស៊េរី២០១២ពាក់ស្លាកលេខខេត្តកំពង់ស្ពឺ 1E-2964។

លោកគិត សុផល មេបញ្ជាការកងរាជអាវុធហត្ថ(ប៉េអឹម) ប្រចាំខណ្ឌសែនសុខ បានមានប្រសាសន៍ថា នៅយប់ថ្ងៃកើតហេតុ លោកបានទទួលទូរស័ព្ទពីម្ចាស់ហាងខារ៉ាអូខេ«ញូវស្ដា» ដោយ រាយការណ៍មកថា មានបុរសម្នាក់ជាភ្ញៀវគួរឲ្យសង្ស័យថា មានប្រើប្រាស់អាវុធខុសច្បាប់យកចូលក្នុងបន្ទប់ច្រៀងខារ៉ាអូខេ ភ្លាមៗនោះលោកក៏បានបញ្ជាកម្លាំងរបស់លោកដែលកំពុងយាមល្បាតតាមផ្លូវ ឲ្យមកសហការចាប់ឃាត់ខ្លួនតែម្ដង ខណៈពេលដែលបុរសរូបនោះចេញពីច្រៀងខារ៉ាអូខេ។

ចំណែកជនជាប់ចោទវិញបាននិយាយថា កាំភ្លើងដែលខ្លួនប្រើនេះទើបតែទិញពីគេម្នាក់នៅទួលសង្កែក្នុង តម្លៃ៣៥០ដុល្លារ អាមេរិកទុកការពារខ្លួនដោយចោទថានៅទួលសង្កែសំបូរក្មេងពាលវាយ គាត់យកលុយ ហើយថាចំណែកលុយរាប់ពាន់រាប់លាននោះ គឺខ្លួនយកមកពីស្រុកដើម្បីរកទិញតូបលក់ដូរ ប៉ុន្តែពុំទាន់រកទិញបានផងក៏ត្រូវប៉េអឹមចាប់ខ្លួន៕

ដោយ៖ ហេង នាង

 

ជនសង្ស័យដែលត្រូវប៉េអឹមចាប់ខ្លួន (រូប dap) ។

Related Articles

Back to top button
Close
Close