ព្រះ​ចន្ទ​នឹង​ផ្តល់នូវ​ទស្សនីយភាព​ដ៏​កម្រ​ចំនួន ៣ នៅ​ថ្ងៃ​ស្អែក​នេះ​

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ (៣០ មករា ២០១៨) ៖ នៅ​ថ្ងៃ​ពុធ ផ្នែក​ភាគច្រើន​នៃ​ពិភពលោក​នឹង​មើលឃើញ​មិន​ត្រឹមតែ​ព្រះ​ចន្ទ​ពណ៌​ខៀវ​និង​ព្រះ​ចន្ទ​ធំ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ឃើញ​ចន្ទ​គ្រាស​ពេញវង់​ផងដែរ​។ មិន​ដែលមាន​បាតុភូត ៣ ក្នុងពេល​តែមួយ​ដូច្នេះ​ទេ តាំងពី​ឆ្នាំ ១៩៨២ ហើយ​បាតុភូត​បែបនេះ​នឹង​កើតឡើង​ម្តងទៀត គឺ​រហូតដល់​ឆ្នាំ ២០៣៧ ឯណោះ​។​

​រា​ហ៊ូ​ចាប់​ចន្ទ​នេះ​នឹង​អាច​មើលឃើញ​ច្បាស់​បំផុត​នៅ​ពាក់កណ្តាល​ភាគ​ខាងលិច​ប្រទេស​អាមេរិក​និង​កាណាដា មុនពេល​ព្រះ​ចន្ទ​ចាប់ផ្តើម​រះ​នៅ​ព្រឹក​ទៀបភ្លឺ​ថ្ងៃ​ពុធ និង​ឆ្លងកាត់​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ចូលទៅក្នុង​ទ្វីបអាស៊ី ខណៈដែល​ព្រះ​ចន្ទ​ចាប់ផ្តើម​រះ​ឡើង​នៅ​យប់​ថ្ងៃ​ពុធ​ដល់​ព្រឹក​ទៀបភ្លឺ​ថ្ងៃ​ព្រហស្បតិ៍​។​

​ឆ្នេរ​ខាងកើត​អាមេរិក​នឹង​ពុំមាន​សំណាង​បានឃើញ​ហេតុការណ៍​ដ៏​កម្រ​នេះ​ទេ ព្រោះ​ព្រះ​ចន្ទ​នឹង​លិច​ក្នុងពេល​ចន្ទ​គ្រាស​ហៀបនឹង​ចាប់ផ្តើម​។ អឺរ៉ុប​និង​ភាគច្រើនបំផុត​នៃ​ទ្វីបអាហ្វ្រិក​និង​អាមេរិក​ខាងត្បូង​ក៏​នឹង​ខកខាន​ព្រឹត្តិការណ៍​នេះដែរ​។​

​ទោះយ៉ាងណា អង្គការ​ណា​សា​គ្រោង​នឹង​ផ្សាយ​បន្ត​ផ្ទាល់​បាតុភូត​នេះ​តាមរយៈ​កែវយឹត​នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា​និង​អា​រី​ហ្សូ​ណា ដោយ​ចាប់ផ្តើម​នៅ​ម៉ោង ៥ និង ៣០ នាទី​ព្រឹក​ថ្ងៃ​ពុធ​ស្អែក​នេះ​៕

 

Related Articles

Back to top button
Close
Close