ឯកសារសារមន្ទីរទួលស្លែងនឹងត្រូវបានដាក់បញ្ចូលក្នុងប្រព័ន្ធកុំព្យូទ័រ
សារព័ត៌មាន Cambodia New/
ភ្នំពេញ (៣០ មករា ២០១៨) ៖ រាល់ឯកសារសារមន្ទីរទួលស្លែង និងត្រូវបានអភិរក្ស និងបញ្ចូលទៅក្នុងប្រព័ន្ធកុំព្យូទ័រ ដើម្បីថែរក្សាកុំឲ្យមានការបាត់បង់ ខណៈពេល ដែលឯកសារមួយចំនួនអាចប្រឈមការខូចខាត ដោយសារអាយុកាលរបស់វា។
គម្រោងអភិរក្សនិងដាក់បញ្ចូលឯកសារសារមន្ទីរទួលស្លែងចូលទៅក្នុងប្រព័ន្ធកុំព្យូទ័រនេះ ជាគម្រោងរបស់អង្គការ Koica របស់ប្រទេសកូរ៉េ តាមរយៈអង្គការយូនីស្កូ សហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ គម្រោងនេះមានរយៈពេលពីរឆ្នាំ ដោយចាប់ផ្តើមពីឆ្នាំ២០១៨ ដល់ឆ្នាំ២០១៩និងចំណាយទឹកប្រាក់ជាង១លានដុល្លារអាមេរិក។
ក្នុងពិធីប្រកាសស្ដីពីការអនុវត្តន៍គម្រោង អភិរក្សនិងបញ្ចូលបណ្ណសារសារមន្ទីរទួលស្លែងក្នុងប្រព័ន្ធកំព្យូទ័រនាព្រឹកថ្ងៃទី ២៩ ខែមករា លោកឆាយ វិសុទ្ធប្រធានសារមន្ទីរទួលស្លែង បានលើកឡើងថា គម្រោងនេះមានរយៈពេល២ឆ្នាំ ដោយនឹងដាក់បញ្ចូលឯកសារ ប្រមាណជា៤សែនច្បាប់ចូលប្រព័ន្ធកំព្យូទ័រ ជាឯកសារដ៏ច្រើន ដែលយើងត្រូវការអភិរក្ស។
ឯកឧត្តម ជុច ភឿន រដ្ឋលេខាធិការនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា ការអភិរក្សនិងបញ្ចូលបណ្ណសារសារមន្ទីរទួលស្លែងក្នុងប្រព័ន្ធកំព្យូទ័រ នឹងជួយថែរក្សាឯកសារឲ្យនៅគង់វង្សបានយូរសម្រាប់មនុស្សជំនាន់ក្រោយ ហើយក៏អាចបណ្ដុះបណ្ដាលជាមូលដ្ឋានលើជំនាញ ថែរក្សានិងអភិរក្សឯកសារនានាដល់មន្ត្រីជំនាញសារមន្ទីរ និងបញ្ចូលឯកសារទាំងអស់ទៅក្នុងប្រពន្ធ័កំព្យូទ័រដើម្បីជួយសម្រួលដល់ដំណើរការសិក្សាស្រាវជ្រាវនាពេលអនាគត៕