អ្នកភូមិថៃ​​ប្តឹង​ប្រឆាំង​​ការសាងសង់​​ទំនប់​​វារី​​អគ្គិសនី​​នៅប្រទេស​​ឡាវ​​

អ្នកភូមិថៃដែលរស់នៅលើដងទន្លេមេគង្គបានប្តឹងប្រឆាំងការសាងសង់ទំនប់វារីអគ្គិសនីនៅលើទន្លេ

ដែលឋិតនៅប៉ែកប្រទេសឡាវ។ ពួកគេបានដាក់ពាក្យនៅថ្ងៃអង្គារទី៧សីហានេះ ប្តឹងទៅ តុលាការនៅទីក្រុងបាងកក ដើម្បីខាឃាំងកុំឲ្យប្រទេសថៃទិញ ថាមពលអគ្គិសនី ផលិតដោយអនាគតទំនប់វារីអគ្គិសនីនេះ។

អ្នកភូមិថៃប្រមាណ៥០នាក់តំណាងសហគមន៍ថៃដែលរស់នៅលើត្រើយទន្លេមេគង្គ បានដាក់ពាក្យប្តឹងប្រឆាំងទល់នឹងសហគ្រាសសាធារណៈ Electricity Generating Authority of Thailand ឬ អាជ្ញាធរអគ្គិសនីថៃ ក្រសួងថាមពល ហើយនិងរដ្ឋាភិបាល។

 
“ទន្លេមេគង្គគឺជាអាយុជីវិតរបស់ពួកយើង ទំនប់វារីអគ្គិសនីឡាវនេះនឹងធ្វើឲ្យប៉ះពាល់ ដល់ជីវភាពរស់នៅរបស់ពួកយើង”។ នេះជាការថ្លែងឲ្យដឹងដោយលោក Niwat Roykaew អាយុ៥២ឆ្នាំ រស់នៅក្នុងខេត្តឆៀងរ៉ៃឋិតនៅប៉ែកខាងជើងនៃប្រទេសថៃ ដែល ទន្លេមេគង្គ បានជួយផ្តល់ទឹកនិងត្រីឲ្យពួកគេសម្រាប់ទទួលទាន។
 
ប្រទេសឡាវដែលគ្មានជាប់នឹងឆ្នេរសមុទ្រហើយនិងគ្មានឧស្សាហកម្ម សង្ឃឹមទៅ លើថាមពលអគ្គិសនីផលិតដោយទំនប់វារីអគ្គិសនី សម្រាប់ធ្វើការ អភវឌ្ឍន៍សេដ្ឋកិច្ច របស់ខ្លួន។ ប្រទេសឡាវសុបិនចង់ក្លាយទៅជា “ប្រទេសអ្នកផ្តល់ថាមពលអគ្គិសនី ឲ្យអាស៊ីអាគ្នេយ៍ទាំងមូល”។
 
សូមបញ្ជាក់ថា ប្រទេសថៃ ដែលកំពុងត្រូវការថាមពលអគ្គិ សនីយ៉ាងច្រើន មហិមា យកមកអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន ច្បាស់ជាត្រូវការទិញថាមពលអគ្គិស នីដ៏ច្រើន លើសលុបដែលផលិតដោយទំនប់វារីអគ្គិសនីនៅ Xayaburi ។ គម្រោងសាងសង់ ទំនប់ វារី អគ្គិសនីនៅ Xayaburi ដែលត្រូវការទឹកប្រាក់ប្រមាណ ៣ ៨០០លានដុល្លារ បានត្រូវ ទីក្រុង វៀងចន្ទប្រកាសផ្អាកការសាងសង់ ដើម្បីធ្វើការឆ្លើយតបទៅនឹងក្តីបារម្ភរបស់ ប្រទេសជិតខាង។
 
គួរកត់សម្គាល់ថា ទំនប់វារីអគ្គិសនីនៅ Xayaburi បានក្លាយទៅជានិមិត្តរូបនៃហានិភ័យ ដែលអាចបង្កទៅលើទន្លេមេគង្គ។ ប្រទេសវៀតណាមនិងប្រទេសកម្ពុជាបារម្ភជា ពិសេស ទៅលើការធ្វើឲ្យប៉ះពាល់ដល់ស្តុកនៃមច្ឆាជាតិ។
 
ចំណែកឯអ្នកការពារបរិស្ថានវិញ បានថ្លែងប្រកាសថា “ទំនប់វារីអគ្គិសនីនៅ Xayaburi ដែលមានដល់ទៅ១ ២៦០មេហ្កាវ៉ាត់ ច្បាស់ជាបង្កឲ្យកើតមានការខូច ខាតយ៉ាង ដំណំដល់ប្រជាជនប្រមាណ៦០លាននាក់ដែលពឹងផ្អែកទៅលើទន្លេមេគង្គ សម្រាប់ ធ្វើការដឹកជញ្ជូន មច្ឆាជាតិជាចំណីហារ ហើយនិងសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន”។
 
រីឯអ្នកប្រឆាំងទល់នឹង គម្រោងសាងសង់ទំនប់វារីអគ្គិសនីនៅ Xayaburi សង្ឃឹមថា សេចក្តីសម្រេចរបស់តុលាការថៃនឹងបង្ខំឲ្យប្រទេសឡាវសើរើមើលឡើងវិញ ផែនការសាងសង់ទំនប់វារីអគ្គិសនីនៅ Xayaburi ៕ដោយ សៀក សារិន (RFI)

Related Articles

Back to top button
Close
Close