គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនឹងប្រឈមការពិន័យពីធនាគារជាតិ ប្រសិនបើផ្តល់ឥណទានមិនច្បាស់លាស់
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៦ ធ្នូ ២០១៧) ៖ ក្នុងសន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំលើកទី៤របស់ធនាគារជាតិនៃកម្ពុជា នាព្រឹកថ្ងៃ០៥ ខែធ្នូ ម្សិលមិញ លោកស្រី ជា សេរី អគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា បានថ្លែងឲ្យដឹងថា «ធនាគារជាតិស្នើរឲ្យគ្រប់គ្រឹះស្ថាន ទាំងអស់អប់រំដល់ពលរដ្ឋ ឲ្យយល់ដឹងពីការប្រើប្រាស់កម្ចីឲ្យត្រូវនឹងគោលដៅ និងគោរពកាតព្វកិច្ចខ្ចីប្រាក់ មានន័យថាខ្ចីត្រូវតែមានភារកិច្ចសងទៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុវិញ»។
លោកស្រីបន្តថា កន្លងមកធនាគារជាតិនៃកម្ពុជា ក៏បានពង្រឹងពីការទទួលខុសត្រូវ របស់ស្ថាប័នហិរញ្ញវត្ថផ្ទាល់តែម្ដងដោយចាត់វិធានការខ្លាំងទៅដល់ស្ថាប័នណាដែលមិនបានអប់រំដល់បុគ្គលិករបស់ខ្លួនឲ្យសិក្សាលម្អិតពីលទ្ធភាពអ្នកខ្ចី មុននឹងឲ្យកម្ចី ព្រោះគ្រឹះស្ថានទាំងនេះបានដាក់ទិសដៅ ដល់បុគ្គលិករបស់ខ្លួនថា ប្រសិនបើបញ្ចេញឥណទានបានច្រើន និងទទួលបានប្រាក់លើកទឹកចិត្តច្រើនដូចគ្នា។ អីចឹងហើយបានមន្ត្រីទាំងនោះ ធ្វើយ៉ាងណារុញ គ្រាន់តែរកវិធីធ្វើយ៉ាងណារុញឥណទានចេញឲ្យបានច្រើនតែប៉ុណ្ណោះ។ នេះជាហានីភ័យមួយទាមទារឲ្យមានការយកចិត្តទុកដាក់ខ្ពស់។
លោកស្រីក៏បានបញ្ជាក់ថា ចំពោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ ត្រូវតែទទួលខុសត្រូវចំពោះការផ្ដល់កម្ចី ដោយពិនិត្យឲ្យបានច្បាស់លាស់ពីលទ្ធភាពរបស់អ្នកខ្ចី ប្រសិនបើអ្នកខ្ចីមិនមានលទ្ធភាពសងមកវិញទេនោះ តែបែរជាផ្ដល់កម្ចីដល់គាត់ នោះមិនមែនជាការជួយដល់ពួកគាត់ទេតែជាការជាន់ពួកគាត់ទម្លាក់ទឹកទៅវិញ។ ធនាគារជាតិនៃកម្ពុជានឹងចាត់វិធានការចំពោះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុណា ដែលមិនទទួលខុសត្រូវ ក្នុងការផ្ដល់ឥណទានដល់ពលរដ្ឋ៕