មេនូឡាយហ្វ ខេមបូឌា និង ក្លិបអ្នកកាសែតកម្ពុជា ប្រកាសបើកការប្រកួតប្រជែងពានរង្វាន់អ្នកសារព័ត៌មានឆ្នើម
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២០ តុលា ២០១៧) ៖ ក្លិបអ្នកកាសែតកម្ពុជា ( ក.អ.ក ) សហការជាមួយក្រុមហ៊ុនធានារ៉ាប់រង អាយុជីវិត មេនូឡាយហ្វ ខេមបូឌា សហការរៀបចំការប្រកួតប្រជែងពានរង្វាន់អ្នកសារព័ត៌មាន ឆ្នើមស្តីពីគ្រួសារ សុខភាព និងកីឡា ខណដែលពានរង្វាន់សម្រាប់ជ័យលាភីលេខ ១ ទទួលបាន ប្រាក់រហូតដល់១០០០ដុល្លារ លេខ២ ទទួលបានប្រាក់៧០០ដុល្លារ លេខ៣ទទួលបានប្រាក់ ៥០០ដុល្លារ លេខ៤និងលេខ៥ ទទួលបានប្រាក់១០០ដុល្លារ ។
ការប្រកាសបើកទូលាយការប្រកួតប្រជែងនោះត្រូវបានរៀបចំធ្វើឡើងកាលពីព្រឹកថ្ងៃទី ២០ ខែតុលា ឆ្នាំ២០១៧នេះ នៅភៅជនីយដ្ឋានអូគ័ដេ រាជធានីភ្នំពេញ ។ លោក ប៉ែន បូណា ប្រធានក្លិបអ្នកាសែតកម្ពុជា និងលោក Robert Elliott អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅ នៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតមេនូឡាយហ្វ បានចូលរួមក្នុងកម្មវិធីខាងលើនេះ។
យោងតាមសចក្តីប្រកាសព័ត៌មានរបស់ក្លិបអ្នកកាសែតកម្ពុជា បានឲ្យដឹងថា គោល បំណងនៃការប្រកួតប្រជែងនោះ សំដៅលើកកម្ពស់តួនាទីរបស់អ្នកសារព័ត៌មានចូលរួមកាន់តែ សកម្មថែមទៀត ក្នុងការសរសេរព័ត៌មាន ទាក់ទងបញ្ហាគ្រួសារ សុខភាព និងកីឡា ខណដែល ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានគឺជាតួនាទីសំខាន់មួយក្នុងការចូលរួមលើកកម្ពស់ការយល់ដឹងទូទៅ សម្រាប់សាធារណជនអំពីវិស័យកីឡា សុខភាព និងកីឡា ។
ចំពោះលក្ខខ័ណ្ឌរួមមាន ៖ អ្នកសារព័ត៌មានដែលអាចចូលរួមក្នុងការប្រកួតប្រជែងនេះ រួមមានអ្នកសារព័ត៌មានជនជាតិខ្មែរ ដែលមានស្ថាប័នពិតប្រាកដ ឬធ្វើការងារដល់ឯករាជ្យ ( Freelance Journalists ) ទាំងនៅផ្នែកបោះពុម្ព ( កាសែត និងទស្សនាវដ្តី ) តាមរលកអាកាស ( វិទ្យុ និងទូរទស្សន៍ ) ព្រមទាំងអ្នកសារព័ត៌មានអនឡាញ ឬគេហទំព័រ ( Online/ Website ) និងអ្នកសារ ព័ត៌មានបង្ហោះតាមបណ្តាញសង្គមប្លុក ( Blogge ) ផងដែរ ។ ចំណែកការប្រកួតប្រជែងរួមទាំងការ ទទួលអត្ថបទចូលរួមការប្រកួតប្រជែងគឺចាប់ផ្តើមពីថ្ងៃនេះរហូតដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខ ។
បេក្ខជនម្ចាស់ជ័យលាភីទាំង៥រូប ក្រៅពីទទួលបានរង្វាន់ជាទឹកប្រាក់ ពួកគេក៏នឹងទទួល បានឱកាសធ្វើដំណើរកំសាន្តទៅកាន់ខេត្តសៀមរាប ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍រត់ប្រណាំង អន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងនៅអង្គរវត្ត ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៧ ដោយក្រុមហ៊ុន មេនូឡាយហ្វ នឹងធានារ៉ាប់រងរាល់ការចំណាយផ្សេងៗ នៅក្នុងដំណើរកំសាន្ត ចូលរួមកម្មវិធីនេះផងដែរ ៕ ដោយ ៖ ជា វត្តី