មន្ត្រីរាជការស្ត្រីទាំងក្នុងជួរស៊ីវិល និងយោធានឹងទទួលបានការឧបត្ថម្ភ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៩ តុលា ២០១៧) ៖ ប្រមុខរាជរដ្ឋាភិបាលបានប្រកាសថា មន្ត្រីរាជការស្ត្រីទាំងក្នុងជួរស៊ីវិល ប៉ូលីស យោធា ក៏ដូចជាកងរាជអាវុធហត្ថ នឹងទទួលបានការឧបត្ថម្ភពីរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការសម្រាលបានកូន យ៉ាងហោចណាស់៨០ម៉ឺនរៀលសម្រាប់ការសម្រាលបានកូនស្រី ១។ សម្រាប់ការសម្រាលបានកូនភ្លោះពីរ ទទួលបានការឧបត្ថម្ភ ១.៦ លានរៀល និងចំនួន ២.៤ លានរៀលសម្រាប់កូនភ្លោះបី ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យ ឯកទេសនៃកម្ពុជា (CUS) ធ្វើឡើងនៅមជ្ឍមណ្ឌលកោះពេជ្រ ថ្ងៃទី០៩ តុលា ២០១៧ នេះថា ការឧបត្ថម្ភនេះនឹងចាប់ផ្តើមអនុវត្តនៅខែមករា ឆ្នាំ២០១៨ នេះតទៅ។
សូមរម្លឹកថា ប្រមុខរាជរដ្ឋាភិបាលថ្មីៗនេះបានប្រកាសចំណាយយ៉ាងហោចណាស់ ១០លានដុល្លារក្នុងមួយឆ្នាំសម្រាប់ឧបត្ថម្ភដល់ស្ត្រី កម្មការិនីបម្រើការងារក្នុងវិស័យកាត់ដេរ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធដោយទទួលបាន ៤០ ម៉ឺនរៀលសម្រាប់ការសម្រាលកូនបានម្នាក់ នឹងទទួលបាន៨០ម៉ឺនរៀលសម្រាប់កូនភ្លោះ២ និងទទួលបានការឧបត្ថម្ភ ១.២ លានរៀលសម្រាប់ការសម្រាលកូនភ្លោះ ៣ ៕