តើយើងត្រូវជ្រើសរើសយក “សិទ្ធិ​មនុស្ស​​និង​ប្រជាធិបតេយ្យបែបអនាធិបតេយ្យ” មុន ឬក៏ “សុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ” មុន?

ល់នៅនឹង​ជើង​របស់​លោកអ្នក​ហើយ!!!

Column

ឆាយ សុផល

មនុស្ស​ទាំងជំនាន់​ចាស់​និ​ង​ជំនាន់​ថ្មីពិត​ជាមិន​អាច​ជួស​ជុល​អតីត​កាលដ៏អាប់អួ​បាន​ឡើយ ពោល​​គឺគ្រាន់តែសំឡឹងមើលវា ហើយចាត់ទុកវាថាជាបទ​ពិសោធន៍​ដ៏​ខ្មៅងងិតតែប៉ុណ្ណោះ។ ដូចនេះ មនុស្ស​ទាំងជំនាន់ចាស់ដែលពោរពេញ

ឆាយ សុផល (Chhay Sophal
ឆាយ សុផល (Chhay Sophal

ដោយ បទ​ពិសោធន៍​នាអតីតកាល និង​មនុស្សជំនាន់ថ្មីដែលមាន​ថាមពល​និង​ចំណេះ​​ដឹង​បែប​វិទ្យាសាស្រ្តទំនើបៗខ្លះ ត្រូវ​រួម​គ្នាគិត រួមគ្នាធ្វើ ដើម្បីស្វែងរកចំណុច​រួម​និង​​​ល្អៗ​សម្រាប់បច្ចុប្បន្ន និង​អនា​គត​ដ៏​ប្រសើរ ដោយចៀសឲ្យផុត​ពី​ស្រមោល​អតីត​​​កាល​ច្រំដែលៗ។ បើអាច​ធ្វើ​បែប​នេះ​បាន នោះប្រទេសបានជួបតែសុខ​សន្តិភាព ស្ថេរ​ភាព និងការអភិវឌ្ឍតរៀងទៅ ហើយ​ក៏ជា​ផ្នែក​មួយ​នៃ​ការ​គោរព​សិទ្ធិ​​មនុស្ស​ក្នុង​ក្រប​ខ័ណ្ឌប្រជាធិបតេយ្យដែរខ្លះដែរ។
ជាទូទៅ សិទ្ធិមនុស្ស និងប្រជាធិបតេយ្យពិតជាមានសារសំខាន់នៅ​ក្នុង​សង្គម​មនុស្ស ប៉ុន្តែអ្វីដែលសំខាន់ជាងនេះគឺសុខសន្តិភាព ស្ថេរភាព​ទាំង​ស្ថេរភាព​នយោ​បាយ និងស្ថេរភាពសេដ្ឋកិច្ច ព្រមទាំងការអភិវឌ្ឍ។ ប្រទេសមួយចំនួន ដោយ​សារ​តែចម្លងគំរូគោលការណ៍​សិទ្ធិមនុស្ស និងប្រជាធិបតេយ្យពីបស្ចឹម​ប្រទេស​មកអនុវត្ត ក៏នាំឲ្យជាតិរបស់ខ្លួនអន្តរាយឈានដល់ជម្លោះប្រដាប់អាវុធ ហែក​ហួរ កាប់សម្លាប់គ្នា និងលាបពណ៌​មនោគមវិជ្ជាឲ្យពលរដ្ឋខ្លួនឯង ឈាន​ដល់​ការរើសអើង និងចាត់ទុកថាជាសត្រូវទៅវិញ ដូចជាឧទាហរណ៍​នៅអ៊ីរ៉ាក់ លីប៊ី និងបូស្នៀរជាដើម។ ចំណែកប្រទេសខ្លះទៀតដែលគេចោទថា គ្មាន​ការ​គោរព​សិទ្ធិមនុស្ស និងគ្មានប្រជាធិបតេយ្យ បែរជាប្រជាជនរបស់គេ​រស់នៅ​ដោយ​ក្តីសុខសន្តិភាព មានស្ថេរភាពនយោ​បាយនិងសេដ្ឋកិច្ច និងមាន​ការ​អភិវឌ្ឍ ​ដូចជានៅប្រទេសប្រ៊ុយណេ ប្រទេសចិន ប្រទេស​​រុស្ស៊ី និង​ប្រទេស​អារ៉ាប់​មួយចំនួនទៀត។  ឧទាហរណ៍មួយទៀត ប្រទេសភូមា​ដែល​ធ្លាប់​ត្រូវ​បាន​គេ​ចោទថា រស់នៅក្នុងរបបផ្តាច់ការយោធា គ្មានការគោរពសិទ្ធិមនុស្ស និង​គ្មាន​ប្រជាធិបតេយ្យ តែប្រទេសនេះបែរ​ជាមាន​សេចក្តី​សុខ​សាន្ត​ភាគ​ច្រើន​កាល​ពី​អតីត​កាល ប៉ុន្តែនៅពេលសិទ្ធិមនុស្ស និងប្រជាធិបតេយ្យចូលមកទន្រ្ទាន ស្រាប់​តែភូមា​ពើបប្រទះការវាយប្រហារ​សម្លាប់គ្នាទៅវិញ ដែលបញ្ហា​នេះ​កម្ពុជា​បាន​ជួប​ឡើង​ហល់រួចទៅហើយ ហើយមិនចង់ជួបទៀតនោះទេ។

សិទ្ធិមនុស្ស និងប្រជាធិបតេយ្យវាក៏អាស្រ័យនិងបរិបទវប្បធម៌ ប្រពៃណី និង​ទំនៀម​​ទម្លាប់របស់ប្រទេសមួយដែរ។ ឧទាហរណ៍មួយ នៅក្នុងសង្គម​គ្រួ​សារ​មួយ បើ​ប្រកាន់យកសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ នោះគ្រួសារ​នេះ​នឹង​មាន​ភាព​រញ៉េ​រញ៉ៃ ដែល​ពេល​ខ្លះ​កូនៗពេញវ័យមិនស្តាប់ឪពុក ប្រពន្ធមិនស្តាប់ប្តី ​ព្រោះ​សិទ្ធិស្មើគ្នា និងមានមតិយោបល់ដូចគ្នា ដែលមិនដឹងនរណាស្តាប់នរណា​ឡើយ។ ទោះបីសង្គមគ្រួសារតូចមិនដូចសង្គមជាតិក៏ដោយ ក៏វាមិនសូវខុសគ្នា​នោះ​ដែរ ​ព្រោះថា សង្គមគ្រួសារជាអ្នកពូនផ្តុំសង្គមជាតិទាំងមូល។

ចំណែកឯបក្ស​នយោបាយខ្លះ និងក្រុមមួយចំនួន​បានអះអាងថាខ្លួន​ប្រកាន់​យក​គោល​ការណ៍​សិទ្ធិ​​មនុស្ស និង​ប្រជា​ធិបតេយ្យ តែបែរជា​បង្កភាព​អនាធិបតេយ្យ ដោយ​​សមា​ជិក​របស់ខ្លួននិយាយ​ប៉ាត​ណាប៉ាតណី ជេរប្រមាថគេឯងគ្មានដឹង​ទិស​​​តំបន់ និងគ្មានការ​ទទួល​ខុស​ត្រូវ​ចំពោះ​សម្តី​របស់​ខ្លួន ខណៈដែលយក​របរ​​សិទ្ធិ​មនុស្ស និងប្រជាធិបតេយ្យ​​ទៅ​ធ្វើ​អាជីវកម្ម ឬដាក់​វិនិ​យោគ​ជាមួយអ្នក​ល្ងង់​ខ្លៅ​​មួយ​ចំនួនទៅវិញ។
ដូច​នេះ តើយើងត្រូវជ្រើសរើសយក “សិទ្ធិមនុស្ស និងប្រជាធិប​តេយ្យ បែបអ​សីល​​​ធម៌ និង​អនាធិប​តេយ្យ” មុន ឬក៏ “សុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ” មុន?
បាល់​នៅនឹងជើង​របស់​អ្នក​ហើយ!!!

 

Related Articles

Back to top button
Close
Close