ស្ពានជ្រោយចង្វារចាស់ នឹងត្រូវផ្អាកទាំងស្រុងចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៨ កញ្ញា ២០១៧) ៖ កាលបរិច្ឆេទ នៃការផ្អាកធ្វើចរាចរណ៍លើស្ពានមិត្តភាព កម្ពុជា-ជប៉ុន ឬស្ពានជ្រោយចង្វារទី១ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីជូនដំណឹងប្រកាសថា នឹងត្រូវផ្អាកចរាចរណ៍ឆ្លងកាត់ទាំងស្រុង ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧តទៅ រហូតការដ្ឋានជួសជុលត្រូវបានចប់ជាស្ថាពរ នៅអំឡុងឆ្នាំ២០១៩។ នេះបើយោងតាមសេចក្តីជូន ដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧នេះ។
សូមបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃមុននេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងថា ការផ្អាកចរាចរណ៍ឆ្លងកាត់ស្ពានជ្រោយចង្វារចាស់ នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧នេះតទៅ ប៉ុន្តែការសម្រេចនេះ មានការរិះគន់ និងការលើកឡើងជាច្រើនថា អាជ្ញាធរគួរតែទុកពេលឲ្យប្រជាពលរដ្ឋ ធ្វើដំណើរទៅស្រុកកំណើតសិន នាអំឡុងបុណ្យភ្ជំបិណ្ឌសិន។ ទើបនៅថ្ងៃនេះរដ្ឋបាលរាជធានីភ្នំពេញ ក៏បានប្រកាសផ្លាស់ប្តូរកាលបរិច្ឆេទនេះឡើងវិញតែម្តងទៅ៕