អយ្យការសម្រេចចោទប្រកាន់លោកកឹម សុខា ពីបទក្បត់ជាតិ ដែលអាចជាប់គុក ១៥ឆ្នាំទៅ៣០ឆ្នាំ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៥ កញ្ញា ២០១៧) ៖ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៥ ខែកញ្ញា នេះ សម្រេចចោទប្រកាន់លោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ជាផ្លូវការហើយ ។សេចក្តីថ្លែងការណ៍របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បង្ហាញថា លោក កឹម សុខា ជាប់ចោទប្រកាន់ពីបទ”សន្ទិដ្ឋិភាពជាមួយបរទេស”តាមមាត្រា៤៤៣នៃក្រមព្រហ្មទណ្ឌ ដែលកំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារពី១៥ឆ្នាំទៅ៣០ឆ្នាំ ។
បន្ទាប់ពីបានពិនិត្យសំណុំរឿងរួមទាំងឆ្លងកាត់ការស្រាវជ្រាវស៊ើបអង្កេត ដោយបានពិនិត្យភស្តុតាងនិងផ្ទៀងផ្ទាត់ចម្លើយជនសង្ស័យរួចមក ព្រមទាំងយល់ឃើញថាមាន មូលដ្ឋានគ្រប់គ្រាន់ឱ្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញធ្វើការចោទប្រកាន់ដោយបើកការស៊ើបសួរលើឈ្មោះ កឹម សុខា ពីបទ សន្ទិដ្ឋិភាពជាមួយបរទេស តាមបញ្ញត្តិមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌព្រះរាជាណាចក្រកម្ពុជា៕