ក្លិប​អ្នកកាសែត​កម្ពុជា​សម្តែង​ការ​ស្តោក​ស្តាយ​ចំពោះ​ការប្រកាស​បិទទ្វារ​រប​ស់កា​សែត Cambodia Daily

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ (០៥ កញ្ញា ២០១៧) ៖ ក្លិប​អ្នកកាសែត​កម្ពុជា នៅ​ថ្ងៃទី​៤​ខែកញ្ញា ឆ្នាំ​២០១៧​នេះ បានចេញ​នូវ​សេចក្តីប្រកាស ព័ត៌មាន ដោយ​សម្តែង​នូវ​ការ​ស្តោក​ស្តាយ​ដែល​កាសែត ខេ​ម​បូ​ឌា​ដេលី ( Cambodia Daily) បានប្រកាស​បិទទ្វារ​ឈប់​ដំណើរការ​ផ្សាយ​ចាប់ពីពេលនេះ​តទៅ ។ កាសែត​ជា​ភាសា​អង់គ្លេស និង​ខ្មែរ​មួយ​នេះ​ត្រូវបាន​អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រកាសថា​បាន​ជំពាក់​ថ្លៃ​ពន្ធ​ចំនួន​ជាង​៦ លាន ដុល្លារ​អាមេរិក​និង​តម្រូវ​ឲ្យ​បង់ពន្ធ​ជូន​រដ្ឋ​ត្រឹម​ថ្ងៃទី ៤​កញ្ញា​នេះ​។

​ក្លិប​អ្នកកាសែត​កម្ពុជា​សូម​អំពាវនាវ​ដល់​ម្ចាស់​កាសែត ខេ​ម​បូ​ឌា​ដេលី គួរ​រក​វិធី​សម្របសម្រួល​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធដារ​ដើម្បី​រក​ដំណោះស្រាយ​សមស្រប​មួយ​ដែល​អាច​អនុញ្ញាត​ឲ្យ​កាសែត​នេះ​ដំណើរការ​ឡើងវិញ​បាន​។ ការប្រកាស​បិទទ្វារ​ដោយ​ខ្លួនឯង​របស់​កាសែត​ខេ​ម​បូ​ឌា​ដេលី ជាការ​បាត់បង់​ប្រភពព័ត៌មាន​មួយ​សម្រាប់​អ្នកអាន​របស់ខ្លួន​។​

​យ៉ាងណាក៏ដោយ ក្លិប​អ្នកកាសែត​កម្ពុជា​សង្ឃឹម​ថា ស្ថាប័ន​សារព័ត៌មាន​ផ្សេងទៀត​នឹង​នៅតែ​បន្តការងារ​របស់ខ្លួន​ស្របតាម​វិជ្ជាជីវៈ​និង​ការទទួលខុសត្រូវ​ដើម្បី​ផ្តល់ព័ត៌មាន​ដល់​មហាជន​ទូទៅ​ឲ្យ​បាន​ទូលំទូលាយ​។ ទន្ទឹមនឹងនេះ ក្លិប​អ្នកកាសែត​កម្ពុជា​ក៏​សូម​អំពាវនាវ​ដល់​ស្ថាប័ន​សារព័ត៌មាន​ទាំងអស់​សូម​យកចិត្តទុកដាក់​បំពេញ​កាតព្វកិច្ច​ផ្លូវច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ​ដើម្បី​ចៀសវាង​ការកើតមាន​បញ្ហា​ជាយថាហេតុ​ណាមួយ​ដោយ​ការខ្វះចន្លោះ​ខាង​ផ្លូវច្បាប់​។

​ក្លិប​អ្នកកាសែត​កម្ពុជា​ក៏​សូម​អំពាវនាវ​ដល់​អ្នក​សារព័ត៌មាន​ទាំងអស់​សូម​បំពេញការងារ​របស់ខ្លួន​ដោយ​គោរព​ឲ្យ​បាន​ហ្មត់ចត់​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ​ដើម្បី​ចៀសវាង​ចំណាត់ការ​ណាមួយ​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​ក្រោម​ហេតុផល​នៃ​ការប្រព្រឹត្ត​បទល្មើស​ផ្សេងៗ​។

​ក្លិប​អ្នកកាសែត​កម្ពុជា គឺជា​អង្គភាព​សារព័ត៌មាន​ឯករាជ្យ មាន​បេសកកម្ម​បំរើ​ផលប្រយោជន៍​និង​ការពារ​អ្នកកាសែត​ព្រមទាំង​លើកកម្ពស់​សេរីភាព​សារព័ត៌មាន និង​ពង្រឹង​វិជ្ជាជីវៈ​សារព័ត៌មាន​នៅក្នុង​ប្រទេស​កម្ពុជា ៕

IMG_0197

4

Related Articles

Back to top button
Close
Close