សម្តេច ហ៊ុន សែន ព្រមានអាមេរិកកុំព្យាយាមផ្តួលរំលំកម្ពុជា តាមរយៈបដិវត្តន៍ពណ៌
សារព័ត៌មាន Cambodia News/
កំពង់ចាម (០៥ កញ្ញា ២០១៧) ៖ ថ្លែងនៅក្នុងពិធីសម្ពោធវិហារឥស្លាមជើមៀក កាលពី ម្សិលមិញ សម្តេច ហ៊ុន សែន បានព្រមានសហរដ្ឋអាមេរិក កុំព្យាយាមផ្ដួលរំលំកម្ពុជា តាមរយៈបដិវត្តន៍ ពណ៌ ដូចនៅមជ្ឈិមបូព៌ាឲ្យសោះ ។ សម្តេចក៏បានលើកឡើងថា ការចាត់វិធានការផ្លូវច្បាប់ ដើម្បីកម្ទេចចោលពួក ឬក្រុមដែលចង់បំផ្លាញសន្ដិភាព និងសេចក្ដីរបស់ប្រទេសកម្ពុជា ដោយមិនអនុញ្ញាតឲ្យពួកក្បត់ជាតិទាំងនោះ រួចខ្លួនឡើយ។
សម្តេចនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា យើងត្រូវបន្ដចាត់វិធានការ ដើម្បីកំចាត់ចោល ពួកក្រុមដែលបំផ្លាញជាតិ បំផ្លាញសេចក្ដីសុខរបស់ប្រជាជន យើងមិនបានធ្វើបាបអ្នកណាទេ អ្នកណាធ្វើខុស អ្នកណុងទទួលខុសត្រូវ យើងមិនទៅបំផ្លាញសេចក្ដីសុខ របស់អ្នកណាទាំងអស់ តែយើងក៏មិនអនុញ្ញាតឲ្យអ្នកណាបំផ្លាញសេចក្ដីសុខរបស់ជាតិ និងប្រជាជនបាននោះទេ សេចក្ដីសុខនេះសម្រាប់យើងទាំងអស់គ្នា ។
សម្តេច ហ៊ុន សែន ក៏បានចាត់ទុកថ្លែងការណ៍របស់សហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការចាប់ខ្លួន លោក កឹម សុខា នោះ ថាជាការថ្លែងការពារអាយ៉ង របស់ខ្លួនតែប៉ុណ្ណោះ ។ ទន្ទឹមនោះសម្តេច ក៏បានប្រកាសឱ្យមានការស៊ើបអង្កេតបន្ថែមទៀត ទៅលើជនបរទេស ដែលមានការពាក់ព័ន្ធ ទង្វើក្បត់ជាតិរបស់ លោក កឹម សុខា ៕