ក្រសួង​ធនធានទឹក ប្រាប់​ឲ្យ​ប្រុងប្រយ័ត្ន ពី​ជំនន់​ទឹកភ្លៀង​ចាប់ពី​ថ្ងៃទី​១៧​ដល់​ថ្ងៃទី​២០​សីហា

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ (១៦ សីហា ២០១៧) ៖ នៅ​ថ្ងៃទី​១៦ ​ខែសីហា​ នេះ ក្រសួង​ធនធានទឹក​និង​ឧតុនិយម ​បាន​ជូនដំណឹង​ថា បច្ចុប្បន្ន ជ្រលង​សម្ពាធ​ទាប បាន​នឹង​កំពុង​បង្កើន​ឥទ្ធិពល​មកលើ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​នៅ​រសៀល​ថ្ងៃទី​១៦​ខែសីហា​ឆ្នាំ​២០១៧​នេះ នឹងមាន​សម្ពាធ​ទាប​មួយ​កើតឡើង នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។

សម្ពាធ​ទាប​នេះ នឹងធ្វើ​ដំណើរ​មកដល់​ប្រទេស​វៀតណាម​ភាគខាងត្បូង នៅ​ថ្ងៃទី​១៧​ខែសីហា​ហើយ​មាន​ឥទ្ធិពល​មកលើ​ព្រះរាជាណាចក្រ​កម្ពុជា មុននឹង​ទៅដល់​ប្រទេស​ថៃ នៅ​ថ្ងៃទី​១៩ ខែសីហា​។​

នៅក្នុង​សេចក្តីជូនដំណឹង​ បានបង្ហាញ​ឲ្យ​ឃើញ​ទៀតថា លក្ខណៈ​អាកាសធាតុ​បែបនេះ​ធ្វើ​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​ថ្ងៃទី​១៧​ដល់​ថ្ងៃទី​២០​ខែសីហា សម្រាប់​តំបន់​ទំនាប​កណ្តាល ដែល​រួមមាន​ដូចជា​រាជធានី​ភ្នំពេញ ខេត្តកណ្តាល ព្រៃវែង ស្វាយរៀង បាត់ដំបង សៀមរាប និង​ខេត្តបន្ទាយមានជ័យ ផ្ទៃមេឃ​មាន​សភាព​អាប់អួរ មាន​ពពក​ច្រើន​ដេរដាស អាចមាន​ភ្លៀង​ធ្លាក់​ខ្លាំង​លាយឡំ​ជាមួយ​ផ្គរ​រន្ទះ​។ នៅ​ខេត្តតាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិសាត់ ប៉ៃលិន និង​ខេត្តកំពង់ធំ អាចមាន​ភ្លៀង​ធ្លាក់ ពី​មធ្យម​ទៅ​បង្គួរ​។​

ក្នុង​សេចក្តីជូនដំណឹង បាន​បន្ថែមទៀតថា សម្រាប់​តំបន់​ខ្ពង់រាប ដូចជា​ខេត្ត​មណ្ឌល​គី​រី រតនគីរី ស្ទឹងត្រែង ព្រះវិហារ និង ខេត្ត​ឧ​ត្ត​រ​មានជ័យ ផ្ទៃមេឃ​មាន​សភាព​អាប់អួរ មាន​ពពក​ច្រើន​ដេរដាស អាចមាន​ភ្លៀង​ធ្លាក់​ខ្លាំង​លាយឡំ​ជាមួយ​ផ្គរ​រន្ទះ​។

ឯ​នៅ​ខេត្ត​ត្បូងឃ្មុំ កំពង់ចាម និង​ខេត្តក្រចេះ អាចមាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​បង្គួរ​។ តំបន់​មាត់សមុទ្រ ផ្ទៃមេឃ​មាន​សភាព​អាប់អួរ​មាន​ពពក​ច្រើន​ដេរដាស មាន​ភ្លៀង​ធ្លាក់​ខ្លាំង​លាយឡំ​ជាមួយនឹង​ផ្គរ​រន្ទះ​។ រលក​សមុទ្រ​មាន​កម្ពស់​ខ្ពស់ៗ​។​

នៅក្នុង​សេចក្តីជូនដំណឹង ក៏បាន​អំពាវនាវ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​ជំនន់​ទឹកភ្លៀង ដែល​អាច​នឹង​កើតមាន​ឡើង ពិសេស​ចំពោះ​បងប្អូន​ប្រជា​នេសាទ​សមុទ្រ​និង​អ្នកធ្វើដំណើរ​តាម​សមុទ្រ សូម​បង្កើន​ការយកចិត្តទុកដាក់​ប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​កើតមានឡើង​ជាយថាហេតុ​៕

រូប​៖ ហេង នាង​
រូប​៖ ហេង នាង​

Related Articles

Back to top button
Close
Close