បុរស​ម្នាក់​ស្រវឹង​បើក​រថយន្ដ​ទៅ​បុក​រះ​ម៉ូតូ​៦​គ្រឿង​

ភ្នំពេញ ៖ កាលពីវេលាម៉ោង១២និង៣០នាទី រសៀលថ្ងៃទី០៥ ធ្នូ២០១២ បុរសម្នាក់ស្រវឹងបើករថយន្ដទៅបុករះម៉ូតូ ចំនួន៦គ្រឿង ដែលចតចោលនៅតាមចិញ្ចើម ផ្លូវ បណ្ដាលឱ្យរងការខូចខាត  រួចបន្តទៅបុកតូបលក់ផ្លែឈើធ្វើឱ្យ មនុស្សរងរបួស ចំនួន៣នាក់ ក្នុងនោះរបួស ធ្ងន់ម្នាក់ ស្ថិតនៅ តាមបណ្ដោយផ្លូវលេខ៣១០កែវផ្លូវលេខ ១៩៣ ក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌ ចំការមន ។

ប្រភពព័ត៌មានពីសាក្សីបានឱ្យដឹងទៀតថា គ្រោះថ្នាក់ចរាចរខាងលើនេះ បណ្ដាល មកពីបុរសវ័យជាង៥០ឆ្នាំម្នាក់ បានបើក រថយន្ដកាមរីមួយគ្រឿង ពាក់ស្លាក លេខភ្នំពេញ 2G-7358 ដោយត្រូវបានគេ ដឹងថា បានខ្ចីរថយន្ដរបស់កូនពីម្ដុំអូឡាំពិក បើកទៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌ មានជ័យ ដែលផ្ទះរបស់ខ្លួននៅទីនោះ។

លុះបើកដល់ចំណុចកើតហេតុ ដោយសារតែមាន អាការៈស្រវឹង និងមិនសូវចេះបើកបរផង នោះ ក៏រេចង្កូតទៅបុកម៉ូតូចំនួន៦គ្រឿង ដែលចតនៅតាមចិញ្ចើមផ្លូវ បណ្ដាលឱ្យរង ការខូចខាតយ៉ាងច្រើន រួចហើយអ្នកបើក រថយន្ដវ័យជាង៥០ឆ្នាំរូបនេះ បានថយរថយន្ដ ទៅបុកតូបលក់ផ្លែឈើ បណ្ដាលឱ្យកំពប់ផ្លែ ឈើរប៉ាត់រប៉ាយ ហើយរថយន្ដគាំងជាប់លែងរួច។

ក្រោយកើតហេតុកម្លាំងនគរបាលចរាចរ ជើងគោក រាជធានីភ្នំពេញ បានយករថយន្ដ ទៅរក្សាទុក ដើម្បីធ្វើការដោះស្រាយបន្ដ ទៀត។ យ៉ាងណាក៏ដោយ សមត្ថកិច្ចមិនទាន់អាច បញ្ជាក់ពីអត្ដសញ្ញាណរបស់អ្នកបើករថយន្ដ និងជនរងគ្រោះដែលរងរបួសនៅឡើយនោះ ទេ៕

ដោយ៖ ហេង នាង

 

រថយន្តបង្កហេតុដែលគាំងជាប់ទៅមុខលែងរួច (រូប dap) ។

Related Articles

Back to top button
Close
Close