ក្លឹបអ្នកកាសែតកម្ពុជា ប្រកាសការប្រកួតប្រជែងពានរង្វាន់អ្នកសារព័ត៌មានឆ្នើមឆ្នាំ២០១៧
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៣ សីហា ២០១៧) ៖ ក្លិបអ្នកកាសែតកម្ពុជា ក.អ.ក បានប្រកាសអំពីការប្រកួតប្រជែងពាន រង្វាន់អ្នកសារព័ត៌មានឆ្នើមឆ្នាំ២០១៧សម្រាប់អត្ថបទរាយការណ៍អំពីអំពើពុករលួយនៅកម្ពុជា ដោយបើកទូលាយដល់អ្នកសារព័ត៌មានកម្ពុជាដែលមានស្ថាប័នពិតប្រាកដនិងអ្នកសារព័ត៌មានឯករាជ្យ ទាំងផ្នែកបោះពុម្ពផ្សាយ ( កាសែតនិងទស្សវដ្តី ) និងតាមរលកអាកាស ( វិទ្យុ និងទូរទស្សន៍)រួមទាំងសារព័ត៌មាន អនឡាញ គេហទំព័រ និងបណ្តាញសង្គមប្លុក (Blog ) ។
យោងតាមសេចក្តីប្រកាសព័ត៌មានក.អ.ក បានឲ្យដឹងថា ការប្រឡងប្រជែងនោះ ដើម្បីលើកទឹកចិត្តដល់អ្នកសារព័ត៌មានកម្ពុជា ចូលរួមកាន់តែសកម្មក្នុងការសរសេរអត្ថបទ រាយការណ៍អំពីពុករលួយ ប្រកបដោយការទទួលខុសត្រូវ តម្លាភាព និងសុចរិតភាព រួមចំណែកដល់រាជរដ្ឋាភិបាលសម្រេចនូវផែនការយុទ្ធសាស្ត្រលុបបំបាត់អំពើពុករលួយនៅកម្ពុជា។ ផ្តើមពីនោះក៏លើកទឹកចិត្តដល់អ្នកសារព័ត៌មានកុំឲ្យមានការភ័យខ្លាចក្នុងការបំពេញវិជ្ជាជីវៈរបស់ពួកគេក្នុងការស៊ើបអង្កេតនិងរាយការណ៍អំពីអំពើពុករលួយក៏ដូចជាចូលរួមអប់រំដល់ពលរដ្ឋកម្ពុជា រួមមានស្ត្រី យុវជន និងក្រុមអ្នកមិនសូវមានសម្លេងឯទៀតៗឲ្យចូលរួមទាំងអស់គ្នា ប្រយុទ្ធប្រឆាំងរាល់ទម្រង់នៃអំពើពុករលួយ ។
ចំពោះពានរង្វាន់ដែលជ័យលាភីទទួលបានរួមមាន អត្ថបទលេខ១ ទទួលបានទឹកប្រាក់ ចំនួន៧៥០ដុល្លារអាមេរិក។ លេខ២ទទួលបាន៤៥០ដុល្លារអាមេរិក និងលេខ៣ទទួល បាន៣០០ដុល្លារអាមេរិក ។ គណៈកម្មការវិនិឆ័យមួយនឹងត្រូវបង្កើតឡើង ដោយរួមមានអ្នកសារព័ត៌មានដែលមានបទពិសោធន៍ក្នុងអាជីព៥ឆ្នាំយ៉ាងតិច តំណាងមកពីអង្គការ តម្លាភាពកម្ពុជា ( TI )និងមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ ។
អត្ថបទដែលត្រូវចូលរួមក្នុងការប្រកួតប្រជែង គឺត្រូវជាអត្ថបទដែលបានសរសេរសម្រាប់ ប្រព័ន្ធផ្សព្វផ្សាយផ្នែកបោះពុម្ព តាមរលកធាតុអាកាស ឬបង្ហោះលើអនឡាញ គេហទំព័រឬក៏ ប្លុកក្នុងចន្លោះចាប់ពីថ្ងៃទី១៥ ខែកក្កដា ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ហើយអត្ថបទទាំង នោះមានចាប់ពី៥០០ពាក្យឡើងទៅ ។
យ៉ាងណាក៏ដោយ រាល់អត្ថបទចូលរួមប្រកួតប្រជែងត្រូវតែផ្តោតទៅលើរឿងរ៉ាវដែលទាក់ទងទៅនឹងអំពើពុករលួយនៅកម្ពុជាសំខាន់អត្ថបទរួមចំណែកដំណោះស្រាយបញ្ហាអំពើពុករលួយ ជោគជ័យក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ឥទ្ធិពលនិងផលប៉ះពាល់នៃអំពីពុករលួយ ក្នុងសង្គមកម្ពុជា ។ អត្ថបទទាំងនោះក៏ជាអត្ថបទបែបវិភាគគ្រប់ជ្រុងជ្រោយ មានលក្ខណៈ ស៊ីជម្រៅក្នុងប្រធានបទរាយការណ៍ និងកម្រិតនៃការស្រាវជ្រាវ ស្វែងរកការពិត មិនលម្អៀងមុនធ្វើសេចក្តីរាយការណ៍ ។
ការប្រកួតប្រជែងនេះ និងចាប់ផ្តើមពីពេលនេះរហូតដល់ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧ ។ ចំពោះព័ត៌មានផ្សេងៗទៀតទាក់ទងការប្រកួតប្រជែងអ្នកសារព័ត៌ មានអាចទំនាក់ទំនងទៅទីស្នាក់ការក្លិបអ្នកកាសែតកម្ពុជា ស្ថិតនៅផ្ទះ១២ ផ្លូវលេខ៥ ក្នុងបុរីប៉េង ហួតទល់មុខផ្សារប៉េសេ ផ្លូវ៣៧១ សង្កាត់អង្រែលើ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ ។ អាចទំនាក់ទំនងទៅលោក ប៊ិន សុជាតិ នាយកប្រតិបត្តិ កអក តាមរយះលេខទូរស័ព្ទ 012 995 226 ឬតាមអ៊ីម៉ែល៖ socheatb@gmail.com ឬកញ្ញា ស៊ុំ ដានី មន្ត្រីកអក តាមរយះលេខទូរស័ព្ទ 076 5992 647 ឬតាមអ៊ីម៉ែល ៖ CCJ@online.kh ៕