ផ្ទុះធ្លាយ នូវឧស្ម័នអាម៉ូញាក់ នៃសិប្បកម្មផលិតទឹកកកបង្កការភ្ញាក់ផ្អើល
សារព័ត៌មាន Cambodia News/
ករណីផ្ទុះបំពង់ឧស្ម័នម្យ៉ាងដែលគេស្គាល់ថា ជាឧស្ម័នអាម៉ូញ៉ាក់បានធ្លាយសាយភាយចេញមកក្រៅ បង្កភ្ញាក់ផ្អើលពលរដ្ឋដែលរស់នៅក្បែរនោះនាំគ្នារត់ចេញ ព្រោះវាជាសារធាតុមានហានិភ័យខ្ពស់ដល់សុខភាព កើតឡើងកាលពីវេលាម៉ោង០៦ព្រឹកថ្ងៃទី០៣ កក្កដា នេះ ស្ថិតក្នុងទីតាំងផលិតទឹកកកមួយកន្លែង តាមបណ្តោយផ្លូវ៣៧១ ក្នុងភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។
យោងប្រភពពីបុរសម្នាក់ជាអ្នកធ្វើការក្នុងទីតាំងទឹកកកខាងលើថា នៅវេលាកើតហេតុមិនដឹងថា មានរឿងអ្វីស្រាប់តែបំពង់តូចដែលភ្ជាប់ទៅបំពង់ឧស្ម័នធំបានធ្លាយ បណ្តាលឱ្យមានឧស្ម័នសាយភាយចេញមកក្រៅបន្តិចម្តងៗ រហូតកាន់តែច្រើនទៅៗ ចេញមកក្រៅ ទើបបង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋក្បែរខាង រាយការណ៍ជូននគរបាលមូលដ្ឋាន និងកម្លាំងនគរបាលជំនាញអគ្គីភ័យ រួមទាំងរថយន្តពន្លត់អគ្គិភ័យជាច្រើន ចុះអន្តរាគមន៍ភ្លាមៗ។
ឃើញសមត្ថកិច្ចមានបំពាក់នូវបំពង់ខ្ទប់មុខ និងប្រើប្រាស់ឧបករណ៍ជំនាញមួយចំនួន បំពាក់លើខ្លួន ក្នុងការចូលទៅបាញ់ទប់ស្កាត់ឧស្ម័នកុំអោយសាយភាយកាន់តែខ្លាំង ។ ដោយឡែក ចំពោះអ្នកដែលគ្មានឧបករណ៍ជំនាញ គឺត្រូវពាក់ម៉ាស់គ្រប់ៗគ្នា ព្រោះតែស្រូបឧស្ម័ននេះចូលក្នុងខ្លួន វាអាចធ្វើឱ្យសន្លប់គ្រប់ពេល ។ ក្រោយការអន្តរាគមន៍ យ៉ាងយកចិត្តទុកដាក់ក្នុងរយៈពេលជាង១ម៉ោង ចំហាយសាយភាយត្រូវបានរលាយទៅវិញ ហើយសមត្ថកិច្ចបានប្រាប់ឱ្យអ្នកមើលការខុសត្រូវ បិទចរន្តបំពង់ឧស្ម័ន ដើម្បីកុំអោយមានការសាយភាយបន្ត ៕