មនុស្ស ២២នាក់ស្លាប់ និងរាប់សិបនាក់រងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍នៅតំបន់ភាគខាងជើងប្រទេសឥណ្ឌា
សារព័ត៌មាន Cambodia News/
ឥណ្ឌា (០៦ មិថុនា ២០១៧) ៖ មនុស្សយ៉ាងហោចណាស់ ២២នាក់បានស្លាប់ ក្រោយពេលរថយន្តក្រុងមួយគ្រឿងដែលពួកគេជិះ បានបុកជាមួយរថយន្តធំនៅរដ្ឋភាគខាងជើងឧត្តរប្រទេសប្រទេសឥណ្ឌា។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃចន្ទ នៅក្នុងទីក្រុងបារីលីស្ថិតនៅចម្ងាយ២៥១គីឡូម៉ែត្រពីរដ្ឋធានីឡាក់ណោ។
មន្ត្រីនគរបាលជាន់ខ្ពស់ម្នាក់បាននិយាយថា ជនរងគ្រោះ ២២នាក់បានស្លាប់ដោយសារភ្លើងឆេះ ហើយភ្លាមៗនេះគេនៅមិនទាន់អាចផ្ដល់អត្តសញ្ញាណបានទេ។
លោកបន្តថា រថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿងបានឆាប់ឆេះជាអគ្គីភ័យឡើងបន្ទាប់ពីការប៉ះទង្គិច ហើយបច្ចុប្បន្នក្រុមនគរបាលកំពុងតាមចាប់អ្នកបើករថយន្តធំដែលរត់គេចខ្លួន៕