សម្ដេច​ ស ខេង ជម្រុញ​​ម្លាំ​ង​​នគរ​បាល​​ធ្វើ​យ៉ាង​ណា​​ឲ្យ​​គ្រប់​​ភូមិ​​-​ឃុំ ​មាន​​សុវត្ថិភាព​​

សារព័ត៌មាន​​​ Cambodia News/

ភ្នំពេញ (១៦ ឧសភា ២០១៧) ​៖ ថ្ងៃទី​១៦ ឧសភា​នេះ គឺជា​ខួប​អនុស្សាវរីយ៍​លើក​ទី​៧២ នៃ​ថ្ងៃ​បង្កើត​ក​ង​កម្លាំង​នគរបាលជាតិ ជាមួយគ្នា​សម្ដេច​ក្រឡាហោម ស ខេង រដ្ឋមន្ត្រី​ក្រសួង​ម​ហាផ្ទៃ បានដាក់​ការ​ជម្រុញ​ន​ដល់​កង​ម្លាំ​ង​នគរបាល​ទាំងអស់ ធានា​ធ្វើយ៉ាង​ណា​ ឲ្យ​គ្រប់​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព ។​

សម្ដេច​បានលើកឡើង​នៅក្នុង​សារ​មួយ​ដែល​ត្រូវបាន​គេ​ធ្វើការ​ផ្សព្វផ្សាយ​ជា​សាធារណៈ​កាលពី​ម្សិលមិញ​ថា ពលរដ្ឋ​នៅតែ​តម្រូវ​ឲ្យ​កងកម្លាំង​នគរ​បាល​ជាតិ​​ខិតខំ​បន្តទៀត ក្នុងការ​លើកកម្ពស់​ស​ម​ត្ថ​ភាព រក្សា​សន្តិភាព​ជូន​មាតុភូមិ  ស​ណ្ដាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម ដែលជា​បុព្វហេតុ ស្នូល​បម្រើ​ឲ្យ​​ការអភិវឌ្ឍ​គ្រប់​វិស័យ ជាពិសេស​ធ្វើ​ឲ្យ​គ្រប់​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​គ្មាន​បទ​ឧ​ក្រិ​ដ្ឋ​កើតឡើង ។​

សម្ដេច​ក្រឡាហោម​ បាន​បញ្ជាក់ ​ថា ក្រៅពី​ភារកិច្ច​ស្នូល​ប្រចាំថ្ងៃ នគរបាលជាតិ​កម្ពុជា​ត្រូវមាន​ភារកិច្ច​ដ៍​សំខាន់​ចាំបាច់​មួយ នោះ​គឺ​ការធានា​ឲ្យ​បាន​នូវ​បរិយាកាស​សន្តិសុខ សណ្ដាប់ធ្នាប់​សម្រាប់​ព្រឹត្តិការណ៍​បោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​អាណត្តិ​ទី​៤ ដែលជា​កិច្ចការ ប្រកបដោយ​អាទិភាព តម្រូវ​ឲ្យ​មាន​កិច្ចសហការ​ជាមួយ​កង​ម្លាំ​ង​ប្រដាប់អាវុធ​គ្រប់​ប្រភេទ ជាមួយ គ​.​ជ​.​ប គ្រប់​ថ្នាក់ និង​ផ្នែក​ពាក់ព័ន្ធ​ទាំងអស់ ធ្វើ​ឲ្យ​ដំណើរការ​បោះឆ្នោត ប្រព្រឹត្តទៅ​ប្រកបដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ គ្មាន​ការ​គម្រាមកំហែង និង​អំពើហិង្សា ៕

1

 

 

 

Related Articles

Back to top button
Close
Close