សម្តេច ហ៊ុន សែន ៖ បើក្រោយបោះឆ្នោតរួចនៅតែបង្កចលាចលសមត្ថកិច្ចនឹងចេញបង្ក្រាប
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១១ ឧសភា ២០១៧ )៖ ខណៈសម្តេចអញ្ជើញជាអធិបតីប្រារព្ធ ពិធីអបអរសាទរ ខួប១០ឆ្នាំនៃទិវាអតីត យុទ្ធជនកម្ពុជា ដែលធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ កាលពីថ្ងៃទី១០ ខែឧសភា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងព្រមានធ្ងន់ៗ ទៅកាន់គណបក្សប្រឆាំងថាបើនៅតែបន្តសកម្មភាពមិនចូលរួមបង្រួបបង្រួមជាតិ និងបង្កើតជាហេតុការណ៍ចលាចល ដូចការបោះឆ្នោតកាលពីឆ្នាំ២០១៣នោះកងកម្លាំងសមត្ថកិច្ច ត្រូវតែចេញធ្វើសកម្មភាពទោះបីជាត្រូវផ្ទុះជាសង្គ្រាមក៏ដោយចុះ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មិនឲ្យព្រឹត្តិការណ៍ឆ្នាំ២០១៣ កើតមានទាំងមុននិងក្រោយការបោះឆ្នោតឆ្នាំ២០១៧និងឆ្នាំ២០១៨ឡើយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា គណបក្សសង្គ្រោះជាតិ មិនដែលមានកាយវិការបង្រួបបង្រួមជាតិនោះទេ។
សម្តេចបានលើកឡើងថា “មិនទាន់ទាំងដឹងលទ្ធផលផង ឆេះឡានអស់ប៉ុន្មាន នៅស្ទឹងមានជ័យអ្នកឯងធ្វើសកម្មភាពជាច្រើនកន្លែង មិនឲ្យប្រជាពលរដ្ឋចូលបោះឆ្នោត ។សម្តេចបន្តថា អត់មានមកទុកឲ្យដុតឡានបំផ្លាញសណ្តាប់ធ្នាប់សាធារណៈ មិនទាន់ទាំងឈ្នះផង បង្កើតហេតុការណ៍នេះបង្កើតហេតុការណ៍នោះ។ ខ្ញុំសូមព្រមានទុកឲ្យហើយ កុំឲ្យសភាពការណ៍ឆ្នាំ២០១៣វិលមកវិញ ទាំងមុនការបោះឆ្នោត និងក្រោយការបោះឆ្នោត”៕