រដ្ឋមន្ត្រីក្រសួងព័ត៌មានចង់ឲ្យមានអ្នកកាសែតសេដ្ឋកិច្ចនៅគ្រប់ស្ថាប័នសារព័ត៌មាន
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៥ មីនា ២០១៧) ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោកខៀវ កាញារីទ្ធ ថ្លែងថា គោលបំណងរបស់ក្រសួងគឺចង់ឲ្យមានអ្នកកាសែតជំនាញសេដ្ឋកិច្ចនៅគ្រប់ស្ថាប័នផ្សព្វផ្សាយទាំងអស់ ដើម្បីងាយស្រួលពន្យល់ប្រជាពលរដ្ឋទូទៅអាចស្តាប់បានពីបញ្ហាសេដ្ឋកិច្ច ជាជាងយកអ្នកជំនាញសេដ្ឋកិច្ចមកបកស្រាយ។
ការលើកឡើងបែបនេះ របស់លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើឡើងនៅក្នុងពិធីបើកវគ្គស្តីពីសារព័ត៌មាន ឆាយស៊ីន នៅសណ្ឋាគារ អ៊ីនធើខនធីនិនថល រាជធានីភ្នំពេញ នារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧នេះ ដែលសិក្ខាសាលានេះ ក៏មានតំណាងសារព័ត៌មានចិន និងកម្ពុជាមួយចំនួនចូលរួមផងដែរ។
លោកទទួលស្គាល់ថា បច្ចុប្បន្ននេះកម្ពុជាមិនទាន់មានអ្នកកាសែតដែលចូលកម្រិតជំនាញទេ គ្រាន់តែអាចអ្នករាយការណ៍ពីសកម្មភាពសេដ្ឋកិច្ចប៉ុណ្ណោះ។ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បន្ថែមថា បើចង់ក្លាយជាអ្នកកាសែតដែលមានជំនាញសេដ្ឋកិច្ច អ្នកកាសែតរូបនោះត្រូវតែទាមទារឲ្យមានចំណេះដឹងទូទៅខ្ពស់ បូករួមទាំងការអាន និងស្រាវជ្រាវឲ្យបានច្រើន ជាពិសេសត្រូវមានទំនាក់ទំនងល្អជាមួយអ្នកជំនាញសេដ្ឋកិច្ច៕