ជក់ថ្នាំញៀនពេញ១យប់ ព្រឹកឡើងរត់មករកប៉ូលិសឱ្យនាំទៅមណ្ឌលកែប្រែ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២១ កុម្ភៈ ២០១៧) ៖ យុវជនម្នាក់បានជិះម៉ូតូឌុបមកកាន់ប៉ុស្តិ៍ចោមចៅ ដើម្បីសុំឱ្យប៉ូលិសជួយខ្លួន នាវេលាម៉ោង០៩ព្រឹកថ្ងៃទី២១ កុម្ភៈ នេះ ក្រោយពីបានលង់ជក់ថ្នាំញៀនជាមួយមិត្តភក្តិក្នុងផ្ទះសំណាក់អស់ពេញ១យប់ ហើយដោយខ្លាចឪពុកម្តាយដឹងនិងខ្លាចញៀនផងនោះ ក៏សុំឱ្យខាងប៉ូលិសជួយបញ្ជូនខ្លួនទៅកាន់មណ្ឌលកែប្រែបន្សាបគ្រឿងញៀន ។
ប្រភពឱ្យដឹងថា យុវជនខាងលើឈ្មោះភន សំប៊ែរ អាយុ២១ឆ្នាំ ជាជាងភ្លើង សព្វថ្ងៃស្នាក់នៅក្នុងសង្កាត់ឃ្មួញ និងមានស្រុកកំណើតនៅភូមិកោះតាកូវ ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត ។
ប្រភពបន្តថា មុនដំបូង គេឃើញយុវជនរូបនោះជិះម៉ូតូឌុបមួយគ្រឿង មកឈប់នៅប៉ុស្តិ៍ប៉ូលិសចោមចៅ ហើយដើរចូលទៅក្នុងដោយស្រែយំ និងរៀបរាប់ប្រាប់ ថា កាលពីយប់ថ្ងៃទី២០ កុម្ភៈ ខ្លួននិងមិត្តភក្តិសរុប៨នាក់បាននាំគ្នាទៅដើរលេង រួចមិត្តម្នាក់បាននាំខ្លួនចូលផ្ទះសំណាក់ដោយលួចជក់គ្រឿងញៀនអស់ពេញមួយយប់ ។ លុះព្រឹកឡើង ដោយខ្លួនខ្លាចញៀនថ្នាំនោះ និងដោយសារខ្លាចឪពុកម្តាយផង ក៏រត់មកឱ្យខាងប៉ូលិសជួយខ្លួនតែម្តង ។
ទោះបីជាយ៉ាងណា ខាងប៉ូលិសបាននាំយុវជនខាងលើទៅកាន់អាជ្ញាធរសង្កាត់ រួចក៏បញ្ជូនទៅបន្តទៅឱ្យខាងមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ដើម្បីជួបពិភាក្សាបន្ត ៕