ធី សុវណ្ណថា ប្រកាសថា Facebook របស់នាងត្រូវគេ Hack ជាង១ខែហើយ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៦ មករា ២០១៧) ៖ កញ្ញា ធី សុវណ្ណថាកាលពីថ្ងៃទី០៥ ខែមករាម្សិលមិញ បានជូនដំណឹងតាមរយៈវីដេអូឃ្លីបមួយ ដោយប្រកាសថា Facebook របស់នាង ត្រូវបានគេលួច(Hack)យកទៅគ្រប់គ្រងរយៈពេលជាង១ខែមកហើយ ពោលគឺតាំងពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦មកម្ល៉េះហើយឥឡូវទោះជានាងបានព្យាយាមយកវាមកគ្រប់គ្រងវិញក៏មិនអាចជាហេតុនាំអោយជនល្មើសផុស(បង្ហោះ)អត្ថបទនិងរូបភាពមិនពិតដើម្បីវាយប្រហារមន្ត្រីរាជរដ្ឋាភិបាល។
ពាក់ព័ន្ធនឹងFacebookរបស់កញ្ញា ធី សុវណ្ណថានេះដែរ លោកឧកញ៉ា ម៉ុង ប្ញទ្ធី បានអះអាងថា លោកមិនដែលផ្តល់លុយមួយរៀលណាដល់កញ្ញា ធី សុវណ្ណថា ពិសេសទៀតនោះគឺមិនដែលស្គាល់តែម្តង។
ការបដិសេធនេះត្រូវបានធ្វើឡើងនៅថ្ងៃម្សិលមិញផងដែរបន្ទាប់ពីមានការបង្ហោះសារ នៅលើ Facebook របស់កញ្ញា ធី សុវណ្ណថា៖ «សព្វថ្ងៃនេះមូលនិធិខ្ញុំបានទទួលថវិកា៣លានដុល្លារ ពីបណ្តាញ មូលនិធិជាតិ និងអន្តរជាតិ ដែលក្នុងនោះខ្ញុំសូមអរគុណ លោកឧកញ៉ាបណ្ឌិត ម៉ុង ប្ញទ្ធី ដែលបានបរិច្ចាកជាថវិកា១លានដុល្លារ, លោកឧកញ៉ា លី យ៉ុងផាត់ ជាថវិកា ៥សែនដុល្លារ និងក្រុមហ៊ុន Coca Cola ជាថវិកា១លានដុល្លារ ដល់អង្គការយើងខ្ញុំ»៕