ព្រះមហាក្សត្រ បរមនាថ នរោត្តម សីហមុនី ​និង​សម្តេចម៉ែ យាងទត​ទីតាំង​ភូមិសាស្ត្រ និង​ការវិវត្តន៍​ថ្មីៗ នៃ​ផ្លូវ​រថភ្លើង​​

សារព័ត៌មាន​ Cambodia News/
ភ្នំពេញ (៣០ ធ្នូ ២០១៦) ៖ បើតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ សម្តេច​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី បាន​ថ្លែងថា ថ្ងៃទី​៣០​ខែធ្នូ​នេះ ខ្ញុំ​និង​ភរិយា ពិតជា​រីករាយ និង​មាន​កិត្តិយស ដ៏​ឧត្តុង្គឧត្តម​បំផុត ដែល​បាន​ដង្ហែ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេចម៉ែ មុនិនាថ សីហនុ យាង​តាម​រថភ្លើង ពី​រាជធានី​ភ្នំពេញ ឆ្ពោះទៅកាន់​ខេត្ត​ព្រះសីហនុ ដើម្បី​ឆ្លង​ឆ្នាំ​សកល ២០១៧​។​

សម្តេច​តេ​ជោ បាន​បន្តថា ទន្ទឹមនឹង​នេះដែរ គឺ​ដើម្បី​ព្រះអង្គ បាន​ទត​ទីតាំង​ភូមិសាស្ត្រ និង​ការវិវត្តន៍​ថ្មីៗ នៃ​ផ្លូវ​រថភ្លើង​របស់ ប្រទេស​កម្ពុជា នាពេល​បច្ចុប្បន្ន​។
​ពិតណាស់ ផ្លូវ​រថភ្លើង​ពី​ភ្នំពេញ ទៅកាន់​ខេត្ត​ព្រះសីហនុ គឺជា​ស្នា​ព្រះហស្ត​របស់ អតីត​ព្រះបិតា​ជាតិខ្មែរ ព្រះ​បរម​រតន​កោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ ដែល​ព្រះអង្គ បាន​កសាងឡើង នៅ​សម័យ​សង្គមរាស្ត្រនិយម​។ ដោយសារ​សង្គ្រាម ផ្លូវ​រថភ្លើង​កម្ពុជា ត្រូវបាន​បំផ្លាញ​ខូចខាត ស្ទើរ​ទាំងស្រុង និង​ទុកចោល​ជាច្រើន​ឆ្នាំ​។ ក្រោយ​ប្រទេស មាន​សន្តិភាព គឺ​ផ្លូវ​រថភ្លើង​យើង ត្រូវបាន​ជួសជុល​រៀបចំ​ឡើងវិញ ដើម្បី​បំរើ​ដល់​ការធ្វើដំណើរ របស់​ប្រជាពលរដ្ឋ និង​សេវា​ដឹកជញ្ជូន​ទំនិញ គ្រប់យ៉ាង​។​
សម្តេច​តេ​ជោ បាន​បន្តថា ខ្ញុំ និង​ភរិយា សូម​ជូនពរ​ជនរួមជាតិ​គ្រប់​ស្រទាប់ វណ្ណៈ​ទាំង​ក្នុង និង​ក្រៅប្រទេស កងកម្លាំងប្រដាប់អាវុធ គ្រប់​ប្រភេទ និង​កងកម្លាំង ដែល​កំពុង​បំពេញភារកិច្ច រក្សា​សន្តិភាព នៅ​ប្រទេស​នានា ក្រោម​ឆ័​ត្រ​អង្គការសហប្រជាជាតិ​ផង សូម​បាន​ប្រកបដោយ សេចក្តីសុខ សេចក្តីចំរើន និង​សំណាងល្អ​គ្រប់ៗ​គ្នា ក្នុងឱកាស​ចូលឆ្នាំថ្មី​សកល ២០១៧ ខាងមុខនេះ​៕
1

Related Articles

Back to top button
Close
Close