DMC រៀបចំពិធីអបអរសាទរខួប ១៥ឆ្នាំរបស់ខ្លួននៅថៃនេះ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២០ ធ្នូ ២០១៦) នៅវេលាម៉ោង ១៥:០០ – ២០:៣០ នាទី ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នឹងរៀបចំពិធីអបអរសាទរខួប ១៥ឆ្នាំរបស់ខ្លួន ដែលនឹងប្រព្រឹត្តិទៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
ពិធីនេះនឹងប្រព្រឹត្តិទៅក្រោមវតុ្តមាន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ហ៊ុន ម៉ានី សមាជិកសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តមបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឯកឧត្តម លោកជំទាវ តំណាងស្ថាប័នរដ្ឋ ឯកអគ្គរដ្ឋទូត អង្គការអន្តរជាតិជាដៃគូ សាស្រ្តាចារ្យ និស្សិត និងអតីតនិសិ្សតរបស់ដេប៉ាតឺម៉ង់ សរុបប្រមាណ ៤០០ នាក់។
ក្រៅពីការបង្កើតបរិយាកាសជួបជុំរវាងនិស្សិតគ្រប់ជំនាន់ សាស្រ្តាចារ្យ និងថ្នាក់ដឹកនាំចូលរួមអបអរខួបអនុស្សាវរីយ៏របស់ខ្លួន ដេប៉ាតឺម៉ង់ក៏នឹងរៀបចំពិធីដាក់សម្ពោធឲ្យប្រើប្រាស់សៀវភៅស្រាវជ្រាវថ្មីមួយស្តីពីការវិវឌ្ឍនានានៅក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយកម្ពុជា “The Cambodia Communication Review 2015” និងចាក់បញ្ចាំងខ្សែភាពយន្តឯកសារខ្លី “Project 3” ចំនួនប្រាំបី ដែលជាស្នាដៃថ្មីរបស់និសិ្សតជំនាន់ទី១៣ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ផងដែរ។
ពិធីនេះ ក៏នឹងមានព្រឹត្តិការណ៍ពិសេសៗជាច្រើនផ្សេងទៀត ដែលក្នុងនោះរួមមានការសម្តែងល្ខោនខោល ការច្រៀងចម្រៀងជាក្រុម និងការសំដែងសិល្បៈផ្សេងៗទៀត៕