ឯកឧត្តម ខៀវ កាញារិទ្ធ ៖ អ្នកកាសែតកម្ពុជានៅខ្សោយលើចំណុចវិភាគ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៦ ធ្នូ ២០១៦) ៖ ឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌ មានថា កម្រិតវិជ្ជាជីវៈអ្នកកាសែតកម្ពុជាគ្រាន់បើ មិនចាញ់គេទេ ក្នុងការងារយកព័ត៍មាន តែចំណុចខ្សោយ គឺក្រុមអ្នកសារព័ត៌មាន នៅខ្សោយលើ ចំណុចវិភាគ ហើយចំណុចនេះ គឺជាចំណុយខ្សោយធំមួយ ជាពិសេស អ្នកកាសែត យើងខ្វះចំណេះដឹងក្នុងការវិភាគជុំវិញសភាពការណ៍តំបន់ និងអន្តរជាតិ។
ឯកឧត្តម ខៀវ កាញារិទ្ធ បានមានប្រសាសន៍បែបនេះនៅក្នុងកិច្ចពិភាក្សាតុមូលដែលរៀបចំឡើងដោយក្លឹបអ្នកកាសែតកម្ពុជាស្តីពី ការប្រៀបធៀបស្ថានភាពប្រពន្ធផ្សព្វផ្សាយនៅកម្ពុជា និងបណ្តាប្រទេសក្នុងអាស៊ាន នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ នៅភោជនីយ៍ដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ។
ឯឧត្តម បានបញ្ជាក់ថា ការខ្វះនៅចំណេះដឹងវិភាគនេះ ដោយសារតែអ្នកកាសែតយើងមិនសូវមើលកាសែត និងទស្សនាវដ្តីអន្តរជាតិធំៗ ហើយភាគច្រើនមើលតែកាសែតយើង ហើយការមិនមើលដោយសារតែសមត្ថភាព និងមិនមានពេល។
នៅក្នុងឱកាសនោះដែរ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានអោយដំបូន្មានថា ការមើលទស្សនាវដ្តី កាសែត គឺមានសារៈសំខាន់ណាស់ ដើម្បីឲ្យយើងមានភាពចាស់ទុំក្នុងការវិភាគជុំវិញសភាពការណ៍តំបន់ និងអន្តរជាតិ៕ ដោយ៖ ហេង នាង