យុវជនម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនពីបទរួមរ័ក្សជាមួយក្មេងស្រីអនិតិជន
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៦ ធ្នូ ២០១៦) ៖ កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦ សមត្ថកិច្ចនគរបាលបានឃាត់ខ្លួនជនម្នាក់នៅចំណុចភូមិដើមម៉ាក់ក្លឿ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ តាមបណ្តឹងរបស់ឪពុកម្តាយនារីរងគ្រោះបន្ទាប់ពីជនរូបនេះបានរួមរ័ក្សជាមួយកូនស្រីគាត់ ដែលជាអនីតិជន។
សមត្ថកិច្ចបានឲ្យដឹងថា យុវជនសង្ស័យឈ្មោះ ភ័ក្ត្រ ឆវ័ន្ត ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្ស ស្នាក់នៅបុរីប៉េងហួត ផ្ទះលេខ២៥អឺ០ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ចំណែកនារីរងគ្រោះឈ្មោះ សយ គឹមស៊ាង អាយុ១៤ឆ្នាំ (អនីតិជន) ជាសិស្ស ស្នាក់នៅផ្ទះលេខ៥១ ផ្លូវជាតិលេខ២ ភូមិព្រែក តាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាកាលពីអំឡុងខែកក្កដាឆ្នាំ២០១៦ជនសង្ស័យបានទាក់ទងស្រឡាញ់គ្នានឹងបានរួមរ័ក្សជាមួយគ្នាជាច្រើនដង ក្រោយមកមិនដឹងយ៉ាងម៉េចនារីរងគ្រោះក៏យករឿងនេះទៅនិយាយប្រាប់ម្តាយ ។ លុះដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦ ក៏ត្រូវបានម្តាយឪពុកនារីរងគ្រោះឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចខណ្ឌច្បារអំពៅតែម្តង ។ បច្ចុប្បន្នជនសង្ស័យ ត្រូវឃាត់ខ្លួនទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការតាមនីតិវិធី ៕