ស្ពានហាលឆ្លងទៅអង្គរវត្ត នឹងផ្អាកចរាចរណ៍ ជំនួសដោយស្ពានបណ្តែតទឹក
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៤ វិច្ឆិកា ២០១៦) ៖ យោងតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា ចេញផ្សាយកាលពីម្សិលមិញបានឲ្យដឹងថា ស្ពានហាលឆ្លងទៅប្រាសាទអង្គរវត្ត នឹងផ្អាកចរាចរណ៍ទាំងស្រុង ជំនួសដោយស្ពានបណ្តែតទឹក ដើម្បីធ្វើការជួសជុលឡើងវិញ។
អាជ្ញាធរជាតិអប្សរា មានកិច្ចសហការជាមួយសាកលវិទ្យាល័យសូហ្វីយ៉ាប្រទេសជប៉ុន នឹងធ្វើការងារជួសជុលស្ពានហាលប្រាសាទអង្គរវត្ត ដំណាក់កាលទី ២ ដែលតម្រូវឲ្យបិទចរាចរណ៍ទាំងស្រុង ហើយស្ពានបណ្តែតទឹកបណ្តោះអាសន្ន សម្រាប់ជំនួសស្ពានហាល នឹងត្រូវចាប់ផ្តើមសង់នៅចុងខែវិច្ឆិកា ឆ្នាំ ២០១៦ ដល់ចុងខែឧសភា ឆ្នាំ ២០១៧។
ដូច្នេះភ្ញៀវទេសចរណ៍ជាតិ នឹងអន្តរជាតិ អាចឆ្លងកាត់ទៅទស្សនាប្រាសាទអង្គរវត្ត ដោយប្រើប្រាស់ស្ពានបណ្តែតទឹក ដែលស្ថិតនៅខាងត្បូងស្ពានហាលជំនួសវិញ ដើម្បីបញ្ជៀសនូវហានិភ័យ ដោយសារជួសជុល៕