ក្រឡាប់ឡានដឹកកម្មករ បណ្តាលឱ្យរបួសធ្ងន់-ស្រាល ៤៥នាក់
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៧ តុលា ២០១៦) ៖ កាលពីវេលាម៉ោង០៦ និង២០នាទីព្រឹកថ្ងៃទី២៧ តុលា ២០១៦ រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ដឹកកម្មកររោងចក្រមួយគ្រឿង បានក្រឡាប់លើផ្លូវជាតិលេខ៦ ត្រង់ចន្លោះស្ពានទី៨ និង៩ ក្នុងភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ បណ្តាលឱ្យ៤៥នាក់រងរបួសធ្ងន់-ស្រាល ហើយត្រូវគេជួយបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗ ។
ប្រភពឱ្យដឹងថា គេមិនត្រូវបានស្គាល់អត្តសញ្ញាណអ្នកបើកបរនោះទេ ព្រោះរត់គេចបាត់ បើករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ចំណុះ២តោនកន្លះ ពណ៌.ស មានពាក់ស្លាកលេខ 3C-5727 ដោយដឹកកម្មករ៨០នាក់ ។ ចំណែកឯខាងអ្នករងរបួសធ្ងន់-ស្រាល ក៏មិនស្គាល់ឈ្មោះ ដោយគេបញ្ជូនទៅសង្គ្រោះជាបន្តបន្ទាប់ ។
ប្រភពឱ្យដឹងទៀតថា មុនពេលកើតហេតុ រថយន្តខាងលើបានបើកចេញពីភូមិថ្មី ឃុំស្វាយអន្ទរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ក្នុងបំណងដឹកកម្មករទៅធ្វើការនៅរោងចក្រខោខូវប៊ូយ «UDS» (ជិតស្ពានទី៦) ។លុះមកដល់ចំណុចកើតហេតុ រថយន្តនោះ បានបើកវ៉ាម៉ូតូកង់៣មួយគ្រឿង ស្រាប់តែជ្រុលទៅបុកខឿនសួនច្បារ ហើយត្រូវតៃកុងទាញមកស្តាំវិញ ក៏បណ្តាលឱ្យក្រឡាប់ចាក់កម្មករចោលពេញផ្លូវតែម្តង រួចហើយអ្នកបើកបររូបនោះ រត់គេចខ្លួនភ្លាមៗ ៕