ក្រសួងវប្បធម៌ហាមមិនឲ្យចាក់បទ”ជីវិតអ្នកប្រដាល់”
សារព័ត៌មាន Cambodia News/
ភ្នំពេញ ( ២៦ តុលា ២០១៦) ៖ ក្រោយមានប្រតិកម្មពីលោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជា ចំពោះបទចម្រៀង“ជីវិតអ្នកប្រដាល់”ច្រៀងដោយលោកខេម នៅផលិតកម្មថោន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដាក់ចេញនូវបម្រាមចំនួន៦ចំណុច។
ការដាក់ចេញនូវបម្រាមទាំងនេះ ដោយសារតែអត្ថន័យ និងពាក្យពេជន៍ក្នុងបទចំរៀងនេះមិនសមរម្យ។ ម្យ៉ាងវិញទៀតគឺផលិតកម្មថោន បានផលិតនូវបទចម្រៀងដែលរងនូវការរិះគន់ ជាច្រើនលើកច្រើនសារ ពីទស្សនិកជន ដូច្នេះទើបក្រសួងសម្រេចបែបនេះ។
ជាប្រតិកម្មរបស់សហព័ន្ធកីឡាប្រដាល់កម្ពុជា ចំពោះបទចម្រៀង “ជីវិតអ្នកប្រដាល់”នេះគឺត្រង់អ្នកនិពន្ធប្រើពាក្យពេជន៍បន្ទុចបង្អាប់ដល់វិស័យកីឡាប្រដាល់ដូចជាពាក្យ“ដូចសត្វតិរច្ឆានត្រូវគេវាយដំនិងឈឺហួសប្រមាណ…”ដែលត្រូវបានគេយល់ថាជាការមើលងាយដល់អ្នកប្រដាល់។
សូមបញ្ជាក់ថា នាពេលថ្មីនេះៗ បទចម្រៀងដែលក្រសួងវប្បធម៌ សម្រេចហាមឃាត់មិនឲ្យចាក់ផ្សាយតាមស្ថានីយ៍វិទ្យុ ទូរទស្សន៍រួមមានបទ “អាមុំប៉ុមពីត” “ស៊ីបានចេះតែស៊ីទៅ” “ទាល់តែយូរទើបស៊ីអូនបាន” និងចុងក្រោយនេះបទ“ជីវិតអ្នកប្រដាល់”៕