ក្រសួងព័ត៌មានកំពុងស្វែងរកដំណោះស្រាយក្នុងការកំណត់តម្លៃផ្សាយពាណិជ្ជកម្ម
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៧ កញ្ញា ២០១៦) ៖ នៅក្នុងជំនួបពិភាក្សាការងារជាមួយក្រុមអ្នកសារព័ត៌មានថៃ កាលពីថ្ងៃទី២៦ ខែកញ្ញារដ្ឋមន្ដ្រីក្រសួងព័ត៌មានបានលើកឡើងថា ក្រសួងកំពុងរកដំណោះស្រាយក្នុងការកំណត់តម្លៃផ្សាយពាណិជ្ជកម្មតាម វិទ្យុ ទូរទស្សន៍ និងកាសែតក្នុងកម្រិតអតិប្បរមាមួយសមរម្យ និងមានស្ថេរភាព ដើម្បីផ្ដល់ផលប្រយោជន៍ឲ្យបានទាំងអស់គ្នា។
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ក្រសួងចង់ឲ្យស្ថានីយទូរទស្សន៍ វិទ្យុ និងកាសែតទាំងអស់ជួបប្រជុំគ្នាកំណត់យកតម្លៃមួយក្នុងកម្រិតទាប ប៉ុន្មានដើម្បីកុំឲ្យចុះតម្លៃទាបជាងនេះទៅទៀត ដែលការធ្វើនេះ សម្រាប់ទប់ស្កាត់កុំឲ្យស្ថានីយទូរទស្សន៍ ឬវិទ្យុ និងកាសែតមួយចំនួនចេះតែបញ្ចុះតម្លៃថោកក្នុងការផ្សព្វផ្សាយ ពាណិជ្ជកម្មដែល នឹងធ្វើឲ្យសារព័ត៌មានស្លាប់ទាំងអស់គ្នា។
ឯកឧត្តមបានបញ្ជាក់ថា ស្ថានីយមួយចំនួនដែលមិនសូវមានអតិថិជន អាចបញ្ចុះតម្លៃទាប ដែលអាចធ្វើឲ្យប៉ះពាល់ដល់តម្លៃស្ថានីយផ្សេងៗទៀត ហើយដើម្បីរក្សានូវតម្លៃផ្សាយឱ្យមានស្ថេរភាព ឬក្នុងកម្រិតណាមួយឲ្យបានសមរម្យនោះ ក្រសួងនឹងរៀបចំជួបប្រជុំពិភាក្សាជាមួយស្ថានីយ ទូរទស្សន៍ វិទ្យុ និងកាសែត ដើម្បីស្វែងរកយន្ដការដោះស្រាយ និងកំណត់យកតម្លៃណាមួយដែលបានឯកភាពគ្នា៕