រដ្ឋាភិបាលប្រាប់អោយឈប់យកថ្លៃសេវារថយន្តដឹកសពនៅតាមមន្ទីរពេទ្យរដ្ឋ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (៣១ សីហា ២០១៦ ៖ ក្រសួងសុខាភិបាលបានសម្រេចបញ្ឈប់ការយកលុយថ្លៃសេវាដឹកសព ប្រជាពលរដ្ឋដោយប្រើរថយន្តរដ្ឋ ដោយថានឹងប្រើប្រាស់ថវិកាជាតិជំនួសវិញ។នេះជាការបញ្ជាក់ក្នុង លិខិតរបស់ក្រសួងសុខាភិបាលចុះថ្ងៃទី២៩សីហា។
អ្នកនាំពាក្យ ក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានបន្ថែមថាការសម្រេចនេះគឺដើម្បីកាត់បន្ថយភាពក្រីក្ររបស់ ប្រជាពលរដ្ឋកុំឲ្យមានការចំណាយបន្ថែមទៅលើករណីនេះនិងដោយពេលនេះរដ្ឋ ទទួលបានជំនួយជារថយន្តសង្គ្រោះបន្ទាន់ច្រើននិងមន្ទីរពេទ្យមានចំណូល ដើម្បីជំនួសនូវសេវាដឹកសពនេះ។លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បន្ថែមថា ប្រសិនជាមានការទារលុយថ្លៃសេវាដឹកសពនេះទៀតឬមានភាពមិនប្រក្រតី ទាក់ទងទៅនឹងវិស័យសុខាភិបាល លោកស្នើឲ្យប្រជាពលរដ្ឋរាយការណ៍មកមន្ទីរឬក្រសួងសុខាភិបាល ឬតាមរយៈលេខ១១៥ ដើម្បីរាយការណ៍ពីភាពមិនប្រក្រតីទាំងនេះ៕