វេជ្ជបណ្ឌិតខ្មែរនិងបរទេសសហការគ្នាទាញយកទំនុកចិត្តពីពលរដ្ឋខ្មែរមកវិញលើសេវាវេជ្ជសាស្រ្តនៅកម្ពុជា
ដោយ ហេង នាង
ជាមួយវេជ្ជបណ្ឌិតជំនាញល្បីៗទាំងខ្មែរ អឺរ៉ុប អាមេរិក និងអូស្ត្រាលី មន្ទីរពហុព្យាបាលថ្មីមួយនៅរាជធានីភ្នំពេញ បានតាំងចិត្តថា ខ្លួននឹងខំទាញយកទំនុកចិត្តពីពលរដ្ឋកម្ពុជាមកវិញ ចំពោះសេវាការពិនិត្យរោគ និងព្យាបាលជំងឺនៅក្នុងប្រទេស។
លោកវេជ្ជបណ្ឌិត សោម លក្ខិណា ប្រធានក្រុមប្រឹក្សាភិបាលនៃមន្ទីរពហុព្យាបាលអន្តរជាតិខេមា (KHEMA International Polyclinic) បានិយាយថា “យើងបានដឹងជាទូទៅថា មានការរិះគន់ និងការមិនពេញចិត្តពីសំណាក់អ្នកជំងឺ និងក្រុមគ្រួសាររបស់គេមួយចំនួនពីគុណភាពសេវា និងសីលធម៌របស់អ្នកផ្តល់សេវាថែទាំព្យាបាលនៅក្នុងស្រុកខ្មែរយើង។ យើងពិតជាទទួលស្គាល់ថា យើងនៅមានចំណុចត្រូវកែលំអ និងពង្រឹងបន្ថែម ហេតុដូច្នេះហើយបានជាយើងខិតខំប្រឹងប្រែងប្រមែប្រមូលធនធាន និងស្វះស្វែងរកដៃគូជាតិ និងអន្តរជាតិនានា ដើម្បីបើកមន្ទីរពហុព្យាបាលអន្តរជាតិខេមានេះឡើង ក្នុងបំណងជួយលើកកម្ពស់ស្តង់ដារព្យាបាលរបស់យើងឲ្យបានខ្ពស់ស្មើនឹងកម្រិតតំបន់”។
លោកវេជ្ជបណ្ឌិត សោម លក្ខិណា ដែលជានាយកប្រតិបត្តិនៃមន្ទីរសំរាកព្យាបាល និងសម្ភពខេមា ដែរនោះ បានបន្តថា ”យើងនឹងបន្តខិតខំផ្តល់សេវាថែទាំសុខភាពដោយផ្តោតលើគុណភាពជាចម្បង ប្រកាន់ខ្ជាប់តាមក្រមសីលធម៌វិជ្ជាជីវៈ និងជំនាញច្បាស់លាស់”។
លោកវេជ្ជបណ្ឌិត អ៊ុំ សុភាព នាយកគ្រប់គ្រងមន្ទីរពហុព្យាបាលអន្តរជាតិខេមាបាននិយាយថា តាមការប៉ាន់ប្រមាណ មានប្រជាពលរដ្ឋខ្មែរមិនតិចជាងដប់ម៉ឺននាក់ដែលទៅពិនិត្យរោគនិងព្យាបាលជំងឺនៅក្រៅប្រទេសក្នុងមួយឆ្នាំៗ ហើយម្តងៗ អ្នកជំងឺម្នាក់ដែលអមដំណើរដោយញាតិមិត្តពីម្នាក់ទៅ២នាក់ ដោយត្រូវចំណាយពី ១.០០០ដុល្លារ ទៅ ៥.០០០ដុល្លារ ឬពេលខ្លះបើជំងឺធ្ងន់ត្រូវជួយសង្គ្រោះក្នុងមន្ទីរពេទ្យក្នុងរយៈពេលច្រើនថ្ងៃដែលនាំឲ្យការចំណាយនឹងកើនឡើងពី៥០. ០០០ដុល្លារ រហូតដល់ ២០០.០០០ដុល្លារក៏មាន។
ដោយឈរលើគោលការណ៍បទដ្ឋានសកល គុណភាព និងក្រមសីលធម៌វិជ្ជាជីវៈវេជ្ជសាស្រ្ត ព្រមទាំងមានអគារកម្ពស់១០ជាន់និងឧបករណ៍វេជ្ជសាស្រ្តឌីជីថលទំនើប ដែលចំណាយទឹកប្រាក់រាប់លានដុល្លារនោះ មន្ទីរពហុព្យាបាលអន្តរជាតិខេមា មានបំណងទាញយកការទុកចិត្ត និងទទួលយកសេវាវេជ្ជសាស្រ្តនៅក្នុងប្រទេសជាជាងទៅបរទេសដែលចំណាយប្រាស់មិនចាំបាច់ និងខាតពេលវេលា។
លោកវេជ្ជបណ្ឌិត អ៊ុំ សុភាព បន្តថា បទដ្ឋាននិងគុណភាពសកលដែលនៅអឺរ៉ុប អាមេរិក និងសិង្ហបូរីប្រកាន់យករួមមានបីចំណុច គឺទី១ ប្រព័ន្ធរៀបចំទាំងអគារនិងសម្ភារៈបច្ចេកទេសពេទ្យរួមមានឧបករណ៍ពិនិត្យនិងព្យាបាល បន្ទប់និងគ្រែសម្រាក ប្រព័ន្ធខ្យល់និងទឹកអនាម័យ ទី២ដំណើរការព្យាបាលដោយធ្វើការពិនិត្យ ពិគ្រោះ អង្កេត វិភាគ និងវិនិច្ឆ័យរោគតាមម៉ាស៊ីនឌីជីថលទំនើប មុននឹងព្យាបាល ហើយទី៣គឺលទ្ធផលនៃការព្យាបាល ដែលមានការពេញចិត្តពីអ្នកជំងឺនិងគ្រួសារ។
លោកវេជ្ជបណ្ឌិត បន្តថា បីចំណុចខាងលើនេះគឺមន្ទីរពហុព្យាបាលរបស់លោកបានប្រកាន់យក ហើយលោកបានលើកឧទាហរណ៍មកបញ្ជាក់ថា គ្រាន់តែម៉ាស៊ីនស្កែនគឺនាំពីបរទេស ដោយមានអ្នកជំនាញវេជ្ជសាស្រ្តសិង្ហបូរីមកតម្លើង។
លោកបន្តថា ការបើកដំណើរការមន្ទីរពហុព្យាបាលនៅម្តុំបឹងកេងកងកណ្តាលរាជធានីភ្នំពេញនាពេលថ្មីៗក្នុងពេល២៤ម៉ោងនេះ គឺដើម្បីជួយអ្នកជំងឺនៅកម្ពុជា ពិសេសអ្នកដែលតែងតែទៅរកការព្យាបាលនៅក្រៅប្រទេសនោះ បានកាត់បន្ថយការចំណាយប្រាក់កាសច្រើនមិនចាំបាច់ និងចំណេញពេលវេលា ព្រមទាំងបានទទួលសេវាព្យាបាល និងថែទាំសុខភាពប្រកបដោយគុណភាព និងការជឿទុកចិត្តខ្ពស់។
មន្ទីរពហុព្យាបាលនេះមានផ្តល់សេវាជាច្រើនដូចជា មណ្ឌលរោគវិនិច្ឆ័យ (Diagnostic Center) ផ្នែកជំងឺទូទៅ ផ្នែកសម្ភព និងរោគស្រ្តី ផ្នែកជំងឺកុមារ (ពិសេសចំពោះកុមារមានវិបត្តិនៃការនិយាយ ឬការលូតលាស់ខុសធម្មតា និងវិបត្តិផ្លូវចិត្ត) ផ្នែកជំងឺប្រព័ន្ធរំលាយអាហារ និងឫសដូងបាត ផ្នែកជំងឺរ៉ាំរ៉ៃ (ដូចជាទឹកនោមផ្អែម ជំងឺផ្លូវដង្ហើម ជំងឺបេះដូង និងសរសៃឈាម) ផ្នែកជំងឺឆ្អឹង និងសន្លាក់ (បាក់ឆ្អឹង ខូចក្បាលឆ្នឹងត្រកៀក និងជង្គង់) ផ្នែកជំងឺប្រព័ន្ធសរសៃប្រសាទ (ស្ទះ និងដាច់សរសៃឈាមខួរក្បាល និងជំងឺឆ្អឹងខ្នង) ផ្នែកជំងឺឆ្លងដូចជារលាកថ្លើមបេ និងរលាកថ្លើមបេសេ មណ្ឌលស្តារនិតិសម្បទាវេជ្ជសាស្រ្ត (Medical Rehabilitation Center) សម្រាប់មនុស្សចាស់ខូចមួយចំហៀងខ្លួន ឬមួយកំណាត់ខ្លួន ឬទាំងមូលក្រោយស្ទះ ឬដាច់សរសៃឈាមខួរក្បាល វិបត្តិនៃការនិយាយ និងវិបត្តិផ្លូវចិត្ត ផ្នែកពិនិត្យសុខភាពចល័ត (Mobile Screening and Examination Unit) និងផ្នែកថែទាំសុខភាពតាមផ្ទះ (Homecare Unit)។
សូមបញ្ជាក់ថា មន្ទីរពហុព្យាបាលអន្តរជាតិខេមាស្ថិតនៅដីឡូត៍លេខ ២៨ ផ្លូវ ២៩៤ សង្កាត់បឹងកេងកង ១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សម្រាប់ព័ត៌មានបន្ថែមសូមសូមទាក់ទងលេខទូរស័ព្ទ 099 588 588 និង 012 303 212