ក្រសួងទេសចរណ៍អំពាវនាវឲ្យម្ចាស់អាជីវកម្មកុំដំឡើងថ្លៃសេវាក្នុងកំឡុងពេលប្រឡងបាក់ឌុប
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១២ សីហា ២០១៦) ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអំពាវនាវដល់ម្ចាស់អាជីវកម្មទេសចរណ៍គ្រប់សេវាកម្មទាំងអស់ កុំដំឡើងថ្លៃសេវារបស់ខ្លួនអំឡុងពេលសម័យប្រឡងមធ្យមសិក្សាទុតិយភូមិ ដែលនិងព្រឹត្តិទៅចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ខាងមុខនេះ។
ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ ចុះហត្ថលេខាដោយ ឯកឧត្តម ថោង ខុន បានអំពាវនាវអោយម្ចាស់អាជីវកម្មទេសចរណ៍គ្រប់សេវាកម្មរក្សាតម្លៃដើម ព្រោះសិស្សានុសិស្ស នៅតាមបណ្តាខេត្តអាចនឹងផ្លាស់ប្តូរទីតាំងដោយមកស្នាក់នៅទីរួមខេត្ត ដើម្បីចូលរួមប្រឡង។
ការអំពាវនេះ បានធ្វើឡើងខណៈពេលកន្លងមក រាល់ពិធីធំៗឬព្រឹត្តិការសំខាន់ៗ ម្ចាស់សេវាកម្មទេសចរណ៍ទាំងនោះ តែងតែឆ្លៀតតំឡើងថ្លៃ ហួសតំម្លៃដើម ក្នុងគោលដៅកេងចំណេញខ្ពស់។
ក្រសួងទេសចរណ៍ ជឿជាក់ថា ម្ចាស់អាជីកម្មពាក់ព័ន្ធទាំងអស់ និងទទួលបាននូវសេក្តីណែនាំ ហើយជួយសហការដើម្បីរក្សាតម្លៃសមរម្យជូនសិស្សានុសិស្ស ក្នុងអំឡុងពេលប្រឡងនេះ៕