ចំនួនមនុស្សស្លាប់ក្នុងគ្រោះធម្មជាតិបំណាក់ដីតាមតំបន់ភ្នំនៅម៉ិកស៊ិកកើនដល់ ៤៧នាក់
សារព័ត៌មាន Cambodia News/
ម៉ិកស៊ិក (១០ សីហា ២០១៦) ៖ ប្រតិបត្តិការសម្អាតកំពុងបន្តធ្វើឡើងនៅតំបន់ឡាចូយ៉ា នៃរដ្ឋពូប្លានាភាគខាងកើតប្រទេសម៉ិកស៊ិក ដែលនៅទីនោះមានបំណាក់ដីជាច្រើនកើតឡើងបណ្ដាលពីភ្លៀងធ្លាក់ឥតឈប់ បន្ទាប់ពីព្យុះភ្លៀងអឺលតំបន់ត្រូពិកបានធ្វើឲ្យចំនួនមនុស្ស ៣៥នាក់ស្លាប់កាលពីចុងសប្ដាហ៍។
អភិបាលរដ្ឋពូប្លាលោក រ៉ាហ្វាអ៊ែល ម៉ូរ៉េណូ មានប្រសាសន៍ថា មនុស្ស ១២នាក់ក៏បានស្លាប់នៅរដ្ឋវេរ៉ាគ្រូសជារដ្ឋនៅក្បែរខាងរដ្ឋពូប្លា ដែលធ្វើឲ្យចំនួនអ្នកស្លាប់កើនឡើងដល់ចំនួន ៤៧នាក់ បន្ទាប់ពីតំបន់ជើងភ្នំបានជ្រាបទឹកជោគជាំ បានបាក់ដីសង្កត់លំនៅដ្ឋានជាច្រើន និងកប់មនុស្សនៅខាងក្នុង
សេចក្តីរាយការណ៍បន្តថា ចំនួនមនុស្សស្លាប់ពីថ្ងៃចន្ទកន្លងទៅមានតែ ៤០នាក់ប៉ុណ្ណោះ ចំណែកអាជ្ញាធរបានធ្វើដំណើរទៅកាន់តំបន់រងគ្រោះ និងជួយផ្គត់ផ្គង់ដល់អ្នករងគ្រោះ ដោយមានទាំងកងកម្លាំងចេញមកពីកងនគរបាល, កងទ័ព និងក្រុមសង្គ្រោះបន្ទាន់បន្តសកម្មភាពរុករកជនរងគ្រោះតាមបំណាក់ដីជាច្រើនទៀត៕