រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រកាសឲ្យជួយដាស់ប្រធានមន្ទីរខេត្តព្រៃវែងងើបធ្វើការ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១០ សីហា ២០១៦) ៖ កាលពីយប់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៦ កន្លងទៅ មានករណីហិង្សាមួយបានកើតឡើង នៅភូមិអ្នកលឿង ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង ដោយជនជាតិវៀតណាមបានប្រមូលគ្នា សំរុកចូលព្រួតវាយសម្លាប់ជនជាតិខ្មែរដល់ក្នុងផ្ទះ ធ្វើឲ្យមានការភ្ញាក់ផ្អើល និងមានការខឹងសម្បារយ៉ាងខ្លាំងពីសំណាក់ ប្រជាជនខ្មែរ។
ស្រាប់តែនាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦នេះ ឯកឧត្តម ខៀវ កញ្ញារិទ្ធិ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសរសេរបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក ឲ្យជួយដាស់ប្រធានមន្ទីរព័ត៌មានខេត្តព្រៃវែង ឲ្យធ្វើការងារផង ពាក់ព័ន្ធនឹងរឿងជនជាតិវៀតណាម សម្លាប់ខ្មែរ។
ឯកឧត្តមបានមានប្រសាសន៍នៅលើហ្វេសប៊ុកដូច្នេះថា “មិនដឹងប្រធានមន្ទីរព័ត៌មានខេត្តព្រៃវែងដេកនៅឯណា បានជាមិនឃើញរាយការណ៍ពីរឿងទំនាស់ប្រជាជនខ្មែរនិងសហគមន៍វៀតណាម រហូតដល់មានស្លាប់ ។ បើអ្នកណាដឹងថាគាត់គេងនៅឯណា ជួយដាស់គាត់អោយទៅធ្វើការងារផង។”