ហ៊ុន សែន ត្រៀមខ្លួនចូលឆ្លើយបំភ្លឺក្នុងរដ្ឋសភា
ដោយ សយ ដុល្លា
Cambodia News
ភ្នំពេញ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាព្រឹកថ្ងៃទី ១ ខែ សីហា នេះ បាននិយាយថា លោកបានត្រៀមខ្លួនជាស្រេចក្នុងការចូលទៅ ឆ្លើយបំភ្លឺក្នុងរដ្ឋសភាជាតិទាក់ទិននឹងបញ្ហាការងាររបស់រាជរដ្ឋាភិបាល។
ថ្លែងនៅក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិតបរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ប្រមាណ ២.៦១៩នាក់ នៅឯសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ វិទ្យាសាស្រ្តសេដ្ឋកិច្ច លោកនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា “គេថា ខ្ញុំនឹងខ្លាចមិនហ៊ានចូលទៅឆ្លើយក្នុងរដ្ឋសភា។ ឥឡូវហ្នឹងរង់ចាំតែខាងសភាគេឆ្លើយតបទេ ព្រោះខ្ញុំបានដាក់លិខិតទៅហើយ រង់ចាំតែសភាគេឲ្យទៅពេលណាតែប៉ុណ្ណោះ”។
បើតាមការរំពឹងទុក លោកនាយករដ្ឋមន្ត្រីនឹងទៅឆ្លើយបំភ្លឺរយៈពេល ៤ ម៉ោង នៅ ក្នុងរដ្ឋសភា ដោយផ្ដោតលើបញ្ហាសំខាន់ៗមួយចំនួនរបស់រាជរដ្ឋាភិបាល ជាពិសេសបញ្ហាព្រំដែនដែលជាបញ្ហាក្ដៅមួយនាពេលសព្វថ្ងៃ។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យបណ្ដាញសារព័ត៌មានជាតិទាំងអស់នៅកម្ពុជាធ្វើការផ្សាយផ្ទាល់អំពីរឿងនេះ។
គួរបញ្ជាក់ផងដែរថា គម្រោងនៃការទៅបំភ្លឺរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន នឹងធ្វើឡើង បន្ទាប់តំណាងរាស្ត្រ គណបក្សប្រឆាំងបាន ដាក់ពាក្យតាមរយៈប្រធានរដ្ឋសភា ឲ្យធ្វើការកោះហៅនាយករដ្ឋមន្ត្រី ឲ្យមកឆ្លើយបំភ្លឺក្នុងរដ្ឋសភាទាក់ទងនឹងបញ្ហាជាតិមួយចំនួន។
នេះមិនមែនជាលើកទីមួយនោះទេដែលលោកនាយករដ្ឋមន្ត្រី ហ៊ុនសែន បានទៅឆ្លើយបំភ្លឺនៅក្នុងរដ្ឋសភាជាតិ ហើយកន្លងមក ក៏មានឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីរបស់រាជរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន បានទៅឆ្លើយបំភ្លឺនៅក្នុងរដ្ឋសភាពីបញ្ហាពាក់ព័ន្ធដែរ៕