បេសកជន​សហរដ្ឋ​អាមេរិក​ ទទូច​សុំ​ឲ្យ​បន្ត​​ទំនាក់​ទំនង​ជាមួយ ភូមា​

ការភ្ជាប់ទំនាក់ទំនងរបស់សហរដ្ឋអាមេរិកជាមួយប្រទេសភូមា (Burma) មានលទ្ធផលជាផ្លែផ្កា ហើយគួរតែធ្វើបន្តទៀត។ នេះជាការថ្លែងរបស់អ្នកដែល ទទួលបានការតែងតាំងជាឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិកប្រចាំនៅប្រទេស ភូមា របស់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា (Barack Obama)។

បន្ទាប់ពីការផ្តាច់ទំនាក់ទំនងអស់រយៈពេលជាច្រើនទសវត្សរ៍ សហរដ្ឋអាមេរិក និងប្រទេស ភូមា កំពុងបង្កើតទំនាក់ទំនងការទូតពេញលេញឡើងវិញ។ ប្រសិនបើត្រូវបានគាំទ្រពីព្រឹទ្ធសភា លោក ដេរេក ម៉ីតឆេល (Derek Mitchell) នៃក្រសួងការបរទេសនឹងក្លាយទៅជាឯកអគ្គរដ្ឋទូតដំបូង បង្អស់របស់ សហរដ្ឋអាមេរិកប្រចាំនៅ ភូមា ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ១៩៩០មក។

ថ្លែងនៅឯវិមានរដ្ឋសភា ខាបភីតូល ហ៊ីល (Capitol Hill) លោក ម៉ីតឆេល សម្តែងការកោតសរសើរចំពោះកំណែទម្រង់នយោបាយនិងសេដ្ឋកិច្ច នៅក្នុង ប្រទេស ភូមា ដែលកំណែរទម្រង់នេះត្រូវបានសហរដ្ឋអាមេរិកធ្វើការតស៊ូមតិអស់រយៈពេល យ៉ាងយូរ។

«ដូចដែលរដ្ឋាភិបាល ភូមា បានចាត់វិធានការ នៅក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ និងដូចគ្នាផងដែរ ចំពោះការចាត់វិធានការរបស់សហរដ្ឋអាមេរិក នៅក្នុងវិធីសាស្ត្រវិធានការមួយទល់នឹងមួយ។ វិធានការនីមួយៗ ដែលយើងបានធ្វើនៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ មានគោលបំណង ដើម្បីផ្តល់ផល ប្រយោជន៍ដល់ប្រជាពលរដ្ឋ ភូមា និងពង្រឹងកំណែទម្រង់ និងអ្នកធ្វើកំណែរទម្រង់នៅក្នុងប្រព័ន្ធនេះ។ ទំនាក់ទំនងនេះគួរតែបន្តនិងពង្រីកបន្ថែមទៀត។»

សហរដ្ឋអាមេរិក បានបន្ធូរបន្ថយទណ្ឌកម្មមួយចំនួនប្រឆាំងនឹង ភូមា បន្ទាប់ពីប្រទេសនេះបានចាប់ផ្តើមអនុវត្តដំណើរការសេរីភាវូបនីយកម្ម ដែលត្រូវបានគូស បញ្ជាក់តាមរយៈការបោះឆ្នោតសភាដ៏គួរឲ្យកត់សម្គាល់ នៅក្នុងឆ្នាំនេះ។ លោក ចេមស៍ វេបប៍ (James Webb) ព្រឹទ្ធសមាជិកមកពី គណបក្សប្រជាធិប តេយ្យនៃរដ្ឋ វីជីនៀ (Virginia) មានការស្ញប់ស្ញែងយ៉ាងខ្លាំង អំពីការវិវត្តន៍ដែលប្រទេស ភូមា បានធ្វើដំណើរ ចាប់តាំងពីលោកបាន មកធ្វើទស្សនកិច្ចនៅក្នុង ប្រទេសនេះ ក្នុងឆ្នាំ២០០៩។

«ប្រទេសនេះត្រូវបានចាក់សោ ឱ្យស្ថិតក្នុងភាពឯកោ ដោយបានធ្វើឲ្យរដ្ឋាភិបាល យោធា និងប្រជាពលរដ្ឋរបស់ខ្លួន គ្មានទំនាក់ទំនងជាមួយសហគមន៍ អន្តរជាតិ។ លោកស្រី អ៊ុង សានស៊ូជី (Aung San Suu Kyi) បន្តស្ថិតនៅក្រោមការឃុំឃាំងនៅក្នុងផ្ទះ។ សកម្មជនជាច្រើនផ្សេងទៀត បន្តស្ថិតនៅ ក្នុងពន្ធនាគារ។ ជម្លោះជាមួយក្រុមជនជាតិភាគតិចនៅតែបន្ត ហើយបង្កជាបញ្ហាប្រឈមដល់ឯកភាពជាតិរបស់ប្រទេសនេះ។ ទស្សនវិស័យសម្រាប់ កំណែទម្រង់ ការបើកចំហរ និងការអភិវឌ្ឍន៍សេដ្ឋកិច្ច នៅមានភាពអាប់អួរ។ ប៉ុន្តែ នៅក្នុងអំឡុងនៃដំណើរទស្សនកិច្ច មនុស្សម្នាក់អាចមើលឃើញយ៉ាងច្បាស់ អំពីការសន្យាសម្រាប់អនាគតផ្សេងគ្នាមួយ»។

លោក វេបប៍ បានថ្លែងថា ការសន្យានោះបានក្លាយទៅជាការពិត ដោយបានពណ៌នាព្រតឹ្តការណ៍កាលពីពេលថ្មីៗនេះនៅក្នុងប្រទេស ភូមា ថាជា«ចំណុចរបត់ ជាប្រវត្តិសាស្រ្ត»។ ព្រឹទ្ធសមាជិករូបនេះ បានគាំទ្រដល់គោលនយោបាយឆ្ពោះទៅមុខរបស់សហរដ្ឋអាមេរិក ប្រកបដោយសុភវិនិច្ឆ័យ។

«នេះជាប្រទេសមួយ ដែលប្រព័ន្ធនយោបាយរបស់ខ្លួន បន្តនៅជាបញ្ហាប្រឈមមួយនៅឡើយ ប៉ុន្តែ ជាប្រទេសមួយដែលការប្រព្រឹត្តប្រកបដោយភាពវិជ្ជមាន អំពាវនាវសុំឲ្យមានកាយវិការជួយគ្នាទៅវិញទៅមក។ យើងមិនគួរនាំយកការព្រួយបារម្ភរបស់យើងស្តីអំពីសេរីភាពនយោបាយ ឬសិទ្ធិបុគ្គលចេញពីតុ នោះទេ។ យើងគួរតែធ្វើឲ្យការព្រួយបារម្ភទាំងនេះ ទៅជាចំណុចសំខាន់សម្រាប់ទំនាក់ទំនងរបស់យើងជាមួយគ្រប់ប្រទេសទាំងអស់ ដោយរាប់បញ្ចូលទាំង ប្រទេស ភូមា ផង។ ប៉ុន្តែយើងក៏គួរតែជំរុញឲ្យមានការអភិវឌ្ឍសេដ្ឋកិច្ច ដើម្បីធ្វើឲ្យមាននិរន្តរភាពដល់កំណែរទម្រង់នយោបាយ ដែលបានកើតឡើង»។

លោក ដេរេក ម៉ីតឆេល មានប្រសាសន៍ថា លោកនិងក្រសួងការបរទេស «មិនមានភាពស្រពិចស្រពិល» ចំពោះបញ្ហាប្រឈម ដែលស្ថិតនៅចំពោះមុខនៅក្នុង ប្រទេស ភូមា នោះទេ។

«ដូចដែលលោកស្រីរដ្ឋមន្ត្រីការបរទេស ហ៊ីលឡារី គ្លីនតុន (Hillary Clinton) បានសង្កេតឃើញ កំណែទម្រង់មិនមែនមិនអាចកែប្រែបាននោះទេ។ ហើយការបន្តការផ្លាស់ប្តូរតាមបែបប្រជាធិបតេយ្យ មិនមែនមិនអាចចៀសផុតនោះទេ។ យើងនៅតែមានការព្រួយបារម្ភយ៉ាងជ្រាលជ្រៅចំពោះការបន្តឃុំខ្លួន អ្នកទោសនយោបាយរាប់រយនាក់ និងស្ថានភាព ដែលត្រូវបានដាក់ទៅលើអ្នកដែលត្រូវបានដោះលែងកាលពីមុន ការខ្វះខាតនូវនីតិរដ្ឋ និងតួនាទីរបស់ក្រុម យោធា នៅក្នុងរដ្ឋធម្មនុញ្ញនៅក្នុងកិច្ចប្រទេស ជាតិ។ ការរំលោភសិទ្ធិមនុស្ស ដោយរាប់បញ្ចូលទាំងនិទណ្ឌភាពរបស់ក្រុមយោធា ជាពិសេសនៅក្នុងតំបន់ជន ជាតិភាគតិច»។

បច្ចុប្បន្ន លោក ម៉ីតឆេល បម្រើការជាអ្នកសម្របសម្រលពិសេសរបស់ក្រសួងការបរទេស សម្រាប់គោលនយោបាយស្តីអំពីប្រទេសភូមា។ លោកក៏បាន ធ្វើការឲ្យក្រសួងការពារជាតិសហរដ្ឋអាមេរិកផងដែរ។ ប្រសិនបើលោកទទួលបានការអនុម័តយល់ព្រមពីគណៈកម្មាធិការទំនាក់ទំនង ការបរទេស ការតែង តាំង លោក ម៉ីតឆេល នឹងត្រូវបានដាក់ជូនដើម្បីធ្វើការបោះឆ្នោតមួយ ដោយព្រឹទ្ធសភាពេញអង្គ៕ដោយ លី សុខឃាង (VOA)

Related Articles

Back to top button
Close
Close